ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងស្នើដល់រដ្ឋាភិបាលជប៉ុន ឱ្យជួយសិក្សាពីលទ្ធភាពបូមស្ដារដើម្បីឱ្យនាវាធុនធំអាចចូលចតនៅនៅកំពង់ផែ ខេត្តព្រះសីហនុ ខណៈបច្ចុប្បន្នកម្ពុជា ពុំទាន់មានសមត្ថភាពទទួលនាវាធុនធំនៅឡើយទេ។
ថ្លែងក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងជំនួបជាមួយ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន ដែលគ្រោងធ្វើនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នឹងមានការចុះហត្ថលេខា លើឥណទាន អភិវឌ្ឍន៍កំពង់ផែ ខេត្តព្រះសីហនុ ហើយសម្តេច នឹងស្នើដល់ជប៉ុន ឱ្យពិនិត្យលទ្ធភាព ដើម្បីធ្វើយ៉ាងណាឱ្យនាវាធុនធំអាចចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងថា ពេលនេះ កម្ពុជាពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលនាវាធុនធំ នៅឡើយទេ ជាហេតុធ្វើឱ្យមានការចំណាយប្រាក់ និងពេលវេលាបន្ថែម ដោយសារការដឹកជញ្ជូនទំនិញត្រូវផ្ទេរពីកប៉ាល់តូច ចូលកប៉ាល់ធំ នៅប្រទេសដទៃ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជា ត្រូវចុះហត្ថលេខា ដើម្បីទទួលយកឥណទាន ពីរដ្ឋាភិបាលជប៉ុន ដើម្បីជំរុញធ្វើឱ្យមានជម្រៅទឹកជ្រៅ និងធានាថា កប៉ាល់ធុនធំ អាចដឹកចេញចូល ដោយមិនចាំបាច់ផ្ទេរអ្វីឡើយ៕