បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានចុះប្រមូលក្រុមជនអនាថា ដែលដើរដេកតាមសួនច្បារ យកទៅមណ្ឌលអប់រំកែប្រែនានា ដើម្បីរៀបចំកែលម្អសោភ័ណភាពទីក្រុងបាត់ដំបង ទាក់ទាញកំណើនភ្ញៀវទេសចរ។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរ ប្រមូលបានជនញៀនថ្នាំ ជនអនាថា ជនសតិមិនគ្រប់ សរុប១៣០នាក់ ហើយបានយកទៅពិនិត្យវិគាគ ស្វែងរកមេរោគកូវីដ-១៩ និងរកសារធាតុញៀន ជាដើម។
លោកឱ្យដឹងដែរថា ក្នុងករណីរកឃើញមានសារធាតុញៀន ត្រូវបញ្ជូនទៅមណ្ឌលកែប្រែ ឬមណ្ឌលបន្សាបសារធាតុគ្រឿងញៀន ចំណែកជនមានសតិមិនគ្រប់ ត្រូវបញ្ជូនទៅមណ្ឌលព្យាបាលនៅខេត្តកណ្តាល ដោយឡែកជនអនាថា នឹងរកកន្លែងឱ្យពួកគាត់រស់នៅ ឬបញ្ជូនទៅរស់នៅមណ្ឌល ដែលមានការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬជំនាញផ្សេងៗទៀត ដើម្បីផ្តល់ជាមុខរបរសម្រាប់ចិញ្ចឹមជីវិតរស់នៅរបស់ពួកគាត់ ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ធ្វើការប្រមូលឱ្យអស់ជនអនាថា ជនញៀនថ្នាំ ជនដែលមានសតិមិនគ្រប់ឱ្យអស់ ដើម្បីរក្សាសោភ័ណភាពក្រុងបាត់ដំបង ឱ្យមានរបៀបរៀបរយ មិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងមិនប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តបាត់ដំបង៕