ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ បង្ហាញការព្រួយបារម្ភចំពោះការប្រឈមមុខដាក់គ្នាទាំងក្នុងតំបន់ និងអន្តរជាតិ និងបានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមា។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អាស៊ានមានការព្រួយបារម្ភចំពោះភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្តរជាតិ ជាពិសេសការ វិវឌ្ឍថ្មីៗនេះនៅតំបន់ក្បែរអាស៊ាន ដែលអាចបង្កអស្ថិរភាពដល់តំបន់ ហើយអាចនឹងនាំឱ្យមានការ គណនាខុស ការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ ជម្លោះដោយចំហរនិងផលវិបាកដែលមិនអាចព្យាករណ៍បាន ក្នុងចំណោមមហាអំណាច។
សេចក្តីថ្លែងការណ៍របស់អាស៊ាន បានអំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមាចៀសវាងសកម្មភាពញុះញ៉ុង ហើយប្រកាន់ខ្ជាប់គោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាពនិងកិច្ច សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។
សេចក្តីថ្លែងការណ៍របស់របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន បានរំលឹកឡើងវិញពីការគាំទ្ររបស់ប្រទេសសមាជិកអាស៊ាន ចំពោះគោលនយោបាយចិនតែមួយដែលដាក់ចេញដោយប្រទេសនីមួយៗ។
សេចក្តីថ្លែងការណ៍បន្តថា ពិភពលោកត្រូវការយ៉ាងខ្លាំងនូវភាពឈ្លាសវៃនិងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទាំងអស់ក្នុងការប្រកាន់ខ្ជាប់ពហុភាគីនិយម និងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន និងការប្រកួតប្រជែងត្រឹមត្រូវ សម្រាប់គោលដៅរួម គឺសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឈប្រកបដោយចីរភាព និងបរិយាបន្ន។
សេចក្តីថ្លែងការណ៍របស់របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន បានលើកឡើងដែរថា អាស៊ានត្រៀមខ្លួនជាស្រេចក្នុងការដើរតួនាទីប្រកបដោយស្ថាបនាក្នុងការ សម្របសម្រួលការសន្ទនាដោយសន្តិវិធីរវាងគ្រប់ភាគី រួមទាំងតាមរយៈការប្រើប្រាស់យន្តការដែលដឹកនាំដោយអាស៊ាន ដើម្បីបន្ធូរបន្ថយភាពតានតឹង ការពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់៕