ភ្នំពេញ៖ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ជាលើកដំបូង ដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងជប៉ុន។ នេះបើយោងតាមខ្លឹមសារ ដែលស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ។
នៅមុនពេលមកដល់ប្រទេសកម្ពុជា លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន បានផ្ញើសារ ជូនចំពោះប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី អាបេ តាមរយៈការបង្ហូតទង់ជាតិពាក់កណ្តាលដងនៅក្នុងទូទាំងប្រទេសកម្ពុជា ហើយការផ្ញើលិខិត និងសាររំលែកទុក្ខជាច្រើន។
លោកចាត់ទុកកាយវិការទាំងនេះ បានលើកទឹកចិត្តដល់ខ្ញុំផ្ទាល់ ហើយធ្វើឲ្យលោករំភើបដោយដឹងថា មានមិត្តជាច្រើននាក់ នៅប្រទេសកម្ពុជា។
លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានមានប្រសាសន៍លើកឡើងថា ក្នុងទស្សនកិច្ចលើកនេះ លោកមានបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងជប៉ុន។នាខែមីនាកន្លងទៅនេះ នាយករដ្ឋមន្ត្រី គិស៊ិដា បានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួម ដោយបង្ហាញពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។
នៅក្នុងសាររបស់រដ្ឋមន្រ្តីការបរទេសជប៉ុន បានឱ្យដឹងបន្តថា ប្រទេសជប៉ុន នឹងបន្តខិតខំធ្វើការដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ឲ្យចេញជាសហប្រតិបត្តិការជាក់ស្តែងជាមួយប្រជាជនកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនឹងជួបពិភាក្សាជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ,ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ដែលពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន ផងដែរ។
ជាមួយគ្នានេះ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានអះអាងថា លោកទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើត នៃម្ហូបខ្មែរ ដូចជាអាម៉ុក៕
អត្ថបទ៖លាង ឡា