ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស លោក វីលៀម គ័ង ប្រធានគណបក្សខ្មែក្រោក ដាក់ពន្ធនាគារកំណត់រយៈពេល៩ឆ្នាំ និងបក្ខពួកផ្សេងទៀត ពី៦ ដល់៨ឆ្នាំ ដោយចោទប្រកាន់ចំនួន៣បទល្មើស ជុំវិញសកម្មភាពប្លន់ទ្រព្យសម្បត្តិ អ្នកលក់ឡេ កាលពីចុងឆ្នាំ២០២១កន្លងទៅ។
នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាជំនុំជំរះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស ជនជាប់ចោទចំនួន៨នាក់ រួមមាន ៖
១/ ឈ្មោះ សុខ សុវណ្ណវឌ្ឍានាសាប៊ុង ហៅ វីលៀម គ័ង អាយុ៤៤ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៩ឆ្នាំ ។
២/ ឈ្មោះ គេច ម៉ាច ហៅ តឿ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៦ឆ្នាំ ។
៣/ ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៨ឆ្នាំ ។
៤/ ឈ្មោះ សុវណ្ណ រ៉ានុត ហៅណុច ភេទប្រុសអាយុ២៦ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៥/ ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៦/ ឈ្មោះ ខុន វឌ្ឍនះបូរមុី ភេទស្រី អាយុ២៧ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៧/ ឈ្មោះ សុ វណ្ណស្រីសូរិយាព៍ណ ភេទស្រី អាយុ២៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៨/ ឈ្មោះ ជួន សុភ័ត្រា ភេទប្រុស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមកអនុវត្តន៍តាមសេចក្ដីសម្រេចរបស់តុលាការ និងសម្រេចបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
ក្រុមប្រឹក្សាជំនុំជំរះ បានឱ្យដឹងដែរថា តុលាការបានចោទប្រកាន់ជនទាំង៨នាក់ពីបទ ៖ ១.បទ លួចមានស្ថានទម្ងន់ទោស,២.បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងទី៣.បទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១ មានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើងលើអ្នកលក់ឡេ ឈ្មោះ អ៊ាន សៀវម៉ី ស្ថិតនៅចំណុចផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។នៅក្នុងករណីនេះ ក្រុមជនប្រដាប់អាវុធ ប្រមូលទ្រព្យសម្បត្តិមួយចំនួនធំ និងបានគេចខ្លួន ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់បើកប្រតិបត្តិការបង្រ្កាបបានតែម្តង។
ក្រោយការបង្រ្កាបនោះដែរ សមត្ថកិច្ចបានដកហូតអាវុធជាច្រើនដើម ដែលពួកគេបានធ្វើសកម្មភាពប្លន់ និងរឹបអូសបានគ្រឿងអលង្ការមួយចំនួនប្រគល់ជូនជនរងគ្រោះវិញ៕
អត្ថបទ៖លាង ឡា