CNA-
មេដឹកនាំយោធា ភូមា Min Aung Hlaing នឹងបន្តដាក់ប្រទេសក្នុងគ្រាមានអាសន្ន៦ខែទៀត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃច័ន្ទមដោយបានរាយការណ៍ថាក្រុមប្រឹក្សារសន្តិសុខនិងការពារជាតិនៃរបបយោធាបានអនុមត្តិ។ របបយោធាបានប្រកាសជាលើកទី១ក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្នបន្ទាប់ពីចាប់យកអំណាចពីរដ្ឋាភិបាលដែលចេញពីការបោះឆ្នោតរបស់អ្នកស្រី អូងសាន ស៊ូជីនៅក្នុងរដ្ឋប្រហារមួយកាលពីខែកុម្ភៈឆ្នាំទៅមុន។ "សមាជិកនៃក្រុមប្រឹក្សារសន្តិសុខ បានគាំទ្រជាឯកច្ឆន្ទនូវសំណើរក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្នឲ្យមានរយៈពេល៦ខែទៀត" កាសែត The Global News របស់ភូមាបានរាយការណ៍។ នៅក្នុងប្រទេសរបស់យើង "យើងត្រូវតែបន្តដើម្បីពង្រឹងនូវប្រព័ន្ធប្រជាធិបតេយ្យពហុបក្សដែលមានវិន័យពិតប្រាកដ ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ" កាសែតដដែលនោះបានដកស្រង់សម្តីរបស់ Min AungHlaing និយាយ។
ប្រទេស មីយ៉ាន់ម៉ា បានធ្លាក់ទៅក្នុងភាពជ្រួលច្របល់ចាប់តាំងពីមានរដ្ឋប្រហារ ជាមួយនឹងទំនាស់ដែលបានរីករាលដាលពេញប្រទេសនៅអាស៊ីអគ្នេយ៍ បន្ទាប់ពីកងទ័ពបានកំទេចការតវ៉ារបស់ប្រជាពលរដ្ឋភាគច្រើននៅក្នុងទីក្រុងជាច្រើន។ ក្រុមយោធាបាននិយាយថា គេចាប់យកអំណាច ពីព្រោះតែមានការបន្លំក្នុងការបោះឆ្នោតជាទូទៅនៅក្នុងប្រទេសកាលពីខែធ្នូឆ្នាំ២០២០ ដែលនាំឲ្យគណបក្សរបស់ជ័យលាភីពានរង្វាន់ណូបែល អ្នកស្រី អូងសាន ស៊ូជី ឈ្នះឆ្នោតបានដោយងាយ។ ក្រុមដែលតាមឃ្លាំមើលការបោះឆ្នោតពុំបានរកមើលឃើញនូវភ័ស្តុតាងការបន្លំសន្លឹកឆ្នោតដូចការចោទប្រកាន់របស់ពួកយោធានោះទេ។ ក្រុមយោធាបានអះអាងថានឹងរៀបចំការបោះឆ្នោតថ្មីមួយនៅក្នុងខែសីហាឆ្នាំ២០២៣។
ទោះបីជាមានការសន្យាពីពួកយោធាថានឹងរៀបចំឲ្យមានការបោះឆ្នោតទៅតាមកាលវិភាគដែលបានកំណត់ ក្រុមអ្នកប្រឆាំងមិនជឿថាការបោះឆ្នោតដែលមានផែនការគ្រោងទុកនឹងប្រព្រឹត្តិទៅដោយសេរីនិងត្រឹមត្រូវដែរ។ ការបះបោរប្រឆាំងនៅក្នុងប្រទេស បន្ទាបពីមានការបង្រ្កាបដោយអំពើហឹង្សារដោយពួកយោធាបានធ្វើឲ្យមនុស្សជាច្រើនពាន់នាក់ត្រូវាបានបាត់បង់ជីវិតនិងចាប់ឃុំខ្លួនរាប់ម៉ឺននាក់ បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់សហគមន៍អន្តរជាតិ ដែលបានថ្កោលទោសចំពោះពួកយោធា ដែលនៅក្នុងនោះរួមមានប្រទេសក្នុងសមាគមន៍ប្រជាជាតិអាស៊ីប៉ែកអាគ្នេយ៍ដែលហៅកាត់ថា អាស៊ានផងដែរ។
ការធ្វើសវនាការកាត់ទោសអ្នកស្រីអូងសាន ស៊ូជី ព្រមទាំងបានបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគាដាច់ដោយឡែកនៅក្នុងពន្ធាគារ ណៃពិដោរ ក៏រិតតែបានទទួលនូវការថ្កោលទោសបន្ថែមទៀតពីសំណាក់ក្រុមអ្នកប្រឆាំងនិងមតិអន្តរជាតិ បន្ថែមលើនេះទៀតតុលាការរបស់ក្រុមយោធាក៏បាន កាត់ទោសប្រហារជីវិតក្រុមអ្នកប្រឆាំង៤រូប ដែលនៅក្នុងនោះមានសមាជិកសភាមួយរូប ដែលគេស្គាល់ថាជាសហការីដ៏ជិតស្និទ្ធរបស់អ្នកស្រី អូងសាន ស៊ូជីផងដែរ។ ចលនាតស៊ូប្រដាប់អាវុធនៃក្រុមជនភាគតិច ដែលបានចូលរួមក្នុងរដ្ឋាភិបាលរួបរួមជាតិ NUG ក៏កំពុងតែមានចលនាផុសផុលក្នុងការប្រយុទ្ធតស៊ូជាមួយរដ្ឋាភិបាលយោធាភូមា ដែលធ្វើឲ្យគេមើលឃើញថា វិបត្តិនៅភូមាកាន់តែមានភាពស្មុគ្រស្មាញនិងពិបាករកច្រកចេញ ខណៈដែលភូមាកំពុងតែស្ថិតនៅក្នុងសភាពឯកោពីសហគមន៍អន្តរជាតិ។