ព្រះសីហនុ៖ ជនជាតិចិន ជាជនសង្ស័យ ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ឃាត់ខ្លួនបន្ទាប់ពីកើតមានករណីផ្ទុះអាវុធបណ្តាលឱ្យជនជាតិចិន ចំនួន២នាក់ បានស្លាប់ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនរួមមាន ៖ទី១ឈ្មោះ -ZHENG YINGFEI ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។ ទី២-ឈ្មោះ DU CHONG ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ និង ទី ៣-ឈ្មោះ XIONG ZHENG ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ២២:៤៥នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ មានហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើង បណ្តាលឱ្យមានជនជាតិចិន ចំនួន២នាក់ បានស្លាប់ និងម្នាក់ទៀតបានរងរបួស នៅចំណុច កាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងករណីនេះគេពុំទាន់ដឹងពីមូលហេតុពិតប្រាកដនៃការផ្ទុះអាវុធឈានដល់ការស្លាប់ និងរបួសជនជាតិចិននៅឡើយទេ៕