ព្រះសីហនុ៖ ជនជាតិចិនចំនួនពីរនាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ នៅក្នុងការបាញ់ប្រហារមួយ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ខណៈពេលនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកស្វែងរកអត្តសញ្ញាណខ្មាន់កាំភ្លើង។
សមត្ថកិច្ចខេត្តព្រះសីហនុ បានឱ្យដឹងថា ករណីផ្ទុះអាវុធបណ្តាលឱ្យមានអ្នកស្លាប់ ចំនួនពីរនាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ២២:៤៥នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុច កាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតនៅក្រុមទី១៣ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងទៀតថា ករណីនេះបង្កឡើងដោយ ជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពបាញ់លើ ជនជាតិចិន ចំនួនបីនាក់ និងបណ្តាលឱ្យជនជាតិចិន ចំនួនពីរនាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង។
អធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ បានអះអាងថា កម្លាំងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្មាន់កាំភ្លើង យកមកអនុវត្តតាមច្បាប់ ខណៈគេពុំទាន់ដឹងពីមូលហេតុពិតប្រាកដ នៃការបាញ់សម្លាប់នេះនៅឡើយទេ៕