ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ គឺជាខួបលើកទី១៣ នៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែង ទៅក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០០៩។
យោងតាមឯកសារបានឱ្យដឹងថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ឬគុកទួលស្លែង ត្រូវបានរបប ប៉ុល ពត ឱ្យឈ្មោះសម្ងាត់ថា "ស-២១" ដែលជា "មន្ទីរសន្តិបាលមជ្ឈឹម" របស់ ប៉ុល ពត។
តាមឯកសារ បានឱ្យដឹងដែរថា បណ្ណសារសារមន្ទីរទួលស្លែង បានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីខែកុម្ភៈ ឆ្នាំ២០០៨ ហើយបន្តទទួលចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់អន្តរជាតិនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩។
ក្រោយពីដាក់បញ្ចូលឯកសារបណ្ណសារ នៃសារមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីនៃការចងចាំពិភពលោកក្នុងអង្គការយូណេស្កូកាលពីថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០០៩ ឯកសាររាប់លាន ត្រូវបានរក្សាទុកតាមបច្ចេកវិទ្យាថ្មីទំនើប ដោយមិនប៉ះពាល់ខ្លឹមសារដើមឡើយ។
សូមរំលឹកដែរថា សារមន្ទីរទួលស្លែង ធ្លាប់ទទួលបានរង្វាន់ UNESCO/Jikji Memory of the World Prize។ រង្វាន់នេះ ត្រូវបានបង្កើតឡើងដើម្បីរំលឹកដល់ខួប នៃការចុះបញ្ជីសៀវភៅ Buljo Jikji Sinche Yojeol ឯកសារបោះចេញពីពុម្ពអក្សរលោហៈផ្គុំគ្នាដែលចាស់ជាងគេលើពិភពលោក៕