ភ្នំពេញ៖ ផលិតផលមីកញ្ចប់ ចំនួនប្រាំប្រភេទ ព្រមទាំង ការ៉េមមួយប្រភេទ ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រកាសចាត់វិធានការ បណ្តោះអាសន្ន តាមរយៈការរឹតបន្តឹងការនាំចូល ក្រោយសង្ស័យថា មានផ្ទុកសារធាតុ អេទីឡែនអុកស៊ីត (Ethylene Oxide) ដែលអាចបង្កហានិភ័យផ្នែកសុខភាពដល់អ្នកប្រើប្រាស់។
លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា ថ្មីៗនេះ អាជ្ញាធរសុវត្ថិភាពម្ហូបអាហារ របស់ប្រទេសនៅសហគមន៍អឺរ៉ុបមួយចំនួនបានរកឃើញលើផលិតផលមីកញ្ចប់ និងការ៉េមមួយចំនួន មានផ្ទុកសំណល់ សារធាតុអេទីឡែនអុកស៊ីត (Ethylene Oxide) ដែលសហភាពអឺរ៉ុប អាមេរិក និងអង្គការសុខភាពពិភពលោកចាត់ទុក ថាជាសារធាតុបង្កហានិភ័យ ជាជំងឺមហារីកចំពោះ អ្នកប្រើ ប្រាស់។
នៅក្នុងលិខិតណែនាំមួយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ តទៅ រាល់ការនាំចូលទំនិញជាមីកញ្ចប់ម៉ាក “Lucky Me!" ផលិតនៅ ប្រទេសថៃ,មីកញ្ចប់ម៉ាក “Hão Hão" ផលិតនៅប្រទេសវៀតណាម និងការ៉េមម៉ាក “Häagen-Dazs" (Vanilla) ផលិតនៅប្រទេសបារាំង ត្រូវ មាន អមមកជាមួយនូវវិញ្ញាបនបត្របញ្ជាក់ការវិភាគសារធាតុ Ethylene Oxide ពីស្ថាប័នមានសមត្ថកិច្ច ត្រួត ពិនិត្យ សុវត្ថិភាពម្ហូបអាហារនៃប្រទេសនាំចេញ។
ដោយឡែក ចំពោះទំនិញដែលមកដល់ដែនគយមុនថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ អ្នកនាំចូល ត្រូវដក សំណាកទំនិញធ្វើការវិភាគសារធាតុ Ethylene Oxide នៅ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម មុនពេល អនុញ្ញាតឱ្យ បញ្ចេញ ទំនិញពីគយ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានណែនាំឱ្យនាយកដ្ឋានសវនកម្មគយ ត្រូវធ្វើការតាមដាន និងវាយតម្លៃហានិភ័យ លើផលិតផលទាំងនេះ ជាប្រចាំដើម្បីលើកវិធានការអនុវត្តឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព ហើយមន្ត្រីគយ និងរដ្ឋាករ មានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ផ្ទៀងផ្ទាត់ព័ត៌មាន និងទិន្នន័យ ដែលប្រកាសក្នុងឯកសារជាមួយនឹងទំនិញ ជាក់ស្ដែងដើម្បីជៀស វាងការបន្លំនាំ ចូល ដោយគេចវេសពីវិធានការខាងលើជាយថាហេតុ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានណែនាំឱ្យធ្វើការផ្សព្វផ្សាយដល់ ធុរជនពាក់ព័ន្ធឱ្យ បានទូលំទូលាយនៅតាមភូមិសាស្ត្រ នៃអង្គភាពរៀងៗខ្លួនអំពីវិធានការនេះ ផងដែរ៕
អត្ថបទ៖លាង ឡា