ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ប្រាក់កម្ចីលើកដំបូងចំនួន ១៥ លានដុល្លារ ដល់វិស័យកសិកម្មឯកជនរបស់កម្ពុជា ដើម្បីបង្កើនសមត្ថភាពកែច្នៃសម្រាប់ផលិតកម្មចំណីសត្វក្នុងស្រុក។នេះបើយោងតាមការចេញផ្សាយរបស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ( ADB )។
លោក សាខុន វេង រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងពិធីចុះហត្ថលេខាថា “ការវិនិយោគក្នុងវិស័យកសិកម្មរបស់កម្ពុជា គឺមានសារសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជារបៀបវារៈសំខាន់សម្រាប់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនលទ្ធភាព និងទំនុកចិត្តនៃការផ្គត់ផ្គង់ស្បៀងអាហារ”។
លោកស្រី Jyotsana Varma នាយកធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ការអភិវឌ្ឍការផ្គត់ផ្គង់ចំណីសត្វដែលមានប្រភពក្នុងស្រុក និងមានគុណភាពខ្ពស់ ព្រមទាំងតម្លៃសមរម្យ គឺជាកត្តាសំខាន់ក្នុងការការពារសន្តិសុខស្បៀងរបស់កម្ពុជា និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលចំណីសត្វ”។
សូមបញ្ជាក់ថា ប្រាក់កម្ចីទាំង១៥ លានដុល្លារ ត្រូវបានផ្តល់ជូនទៅក្រុមហ៊ុន De Heus និង TMH Company Limited ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង De Heus Animal Nutrition មកពីប្រទេសហូឡង់ និងជាក្រុមហ៊ុនផ្គត់ផ្គង់ចំណីសត្វពិភពលោកជាលក្ខណៈគ្រួសារដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩១១ និងក្រុមហ៊ុន TMH Company Limited ក្នុងប្រទេសកម្ពុជា គឺជាអ្នកផលិតចំណីសត្វឈានមុខគេ ដែលមានសមត្ថភាពផលិតចំណីសត្វគុណភាពខ្ពស់ចំនួន ១៨០,០០០តោន។
កាលពីខែមេសា ឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍អាស៊ី ធ្លាប់បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នឹងកើនឡើង ៥.៣% នៅឆ្នាំ ២០២២ និង ៦.៥% នៅឆ្នាំ ២០២៣។ជាមួយគ្នានេះ កសិកម្មកម្ពុជា ក៏ត្រូវបានព្យាករណ៍ដែរថា នឹងរក្សាបាននូវអត្រាកំណើន ១.២% ចន្លោះឆ្នាំ ២០២២ និងឆ្នាំ ២០២៣៕