ក្រោយការរីករាលដាល នៃជំងឺកូវីដ១៩ បានធូស្រាល នាវាទេសចរណ៍ដឹកភ្ញៀវទេសចរអន្តរជាតិទស្សនាតាមដងទន្លេមេគង្គកម្ពុជា-វៀតណាម បានមកដល់រាធានីភ្នំពេញ ជាលើកដំបូងឡើងវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជា និងវៀតណាម បានសម្របសម្រួលគ្នាជម្រុញលំហូរចលនាទេសចរណ៍រវាងប្រទេសទាំងពីរ ឆ្ពោះទៅ SEA GAME ឆ្នាំ២០២៣ ហើយនាវានេះ នឹងបន្តទៅទស្សនាខេត្តសៀមរាបផងដែរ។
នេះលើកដំបូងហើយ ដែលនាវាទេសចរណ៍លំដាប់អន្តរជាតិ នៅក្នុងចំណោមនាវាទេសចរណ៍អន្តរជាតិជាច្រើនទៀត បានដឹកភ្ញៀវទេសចរអន្តរជាតិ (មកពីអាមេរិច អូស្ត្រាលី និងភ្ញៀវមកពីអឺរ៉ុប) មកជិះនាវាទស្សនាកម្សាន្តតាមទន្លេមេគង្គឆ្លងដែន ពីប្រទេសវៀតណាម ចូលមករាជធានីភ្នំពេញ ក្រោយពីបានអាកខានប្រមាណ២ឆ្នាំកន្លងមកនេះដោយសារវិបត្តិកូវីដ១៩ នេះបើតាមលោក Naidah Yazdanl អ្នកគ្រប់គ្រងនាវាទេសចរណ៍ខាងលើ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៥ ខែកក្កដា។
ជាមួយគ្នានោះ លោក Naidah Yazdanl បានថ្លែងអំណគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កម្ពុជា ដែលជានិច្ចកាលបានយកចិត្តទុកដាក់ បានជួយអន្តរាគមន៍ និងជម្រុញបើកចលនា ទេសចរណ៍ក្នុងតំបន់អាស៊ាននេះឡើងវិញ។
គួររំលឹកថា ដើម្បីជំរុញចលនាទេសចរណ៍រវាងប្រទេសពីរ កម្ពុជា-វៀតណាម ក្រោយពីធ្លាក់ចុះរយៈដោយសារកូវីដ១៩ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ក្រសួងទេសចរណ៏ប្រទេសទាំងពីរបានបើកកិច្ចប្រជុំពិភាក្សា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឡើងវិញ ហើយក្នុងនោះ ភាគីទាំងពីរ បានប្តេជ្ញាអនុវត្តនូវស្មារតីជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Pham Minh Chinh, នាយករដ្ឋមន្ត្រីសាធារណៈរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ជាមួយគ្នានោះ រដ្ឋបាលទេសចរណ៍ជាតិវៀតណាម (VNAT) បានឯកភាពបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត លើការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ក្នុងនោះមានការការចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជា និងការចូលរួមត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាដើម៕