ភ្នំពេញ៖ សមត្ថកិច្ចរាជធានីភ្នំពេញ កំពុងបើកការស៊ើបអង្គេត និងស្រាវជ្រាវករណីបាញ់ប្រហារមួយបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចម្នាក់ក្នុងលក្ខណមិនឱ្យបញ្ចេញឈ្មោះ បានឱ្យដឹងថា ពេលនេះសមត្ថកិច្ចកំពុងប្រើប្រាស់ជំនាញ ដើម្បីស្រាវជ្រាវរកជនដៃដល់ដែលបានបាញ់ប្រហារលើរថយន្ត Range Rover បណ្តាលឱ្យមានអ្នករងរបួសធ្ងន់។
សូមបញ្ជាក់ថា នៅក្នុងករណីបាញ់ប្រហារនេះ បណ្តាលឱ្យរថយន្ត Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា JS-3333 បានធ្លុះធ្លាយជាច្រើនកន្លែង និងបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានរងរបួសធ្ងន់។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះបានព្យាយាមបើករថយន្តមកដល់ចំណុចមុខមន្ទីរពេទ្យមួយកន្លែង ដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រោះតែគ្រូពេទ្យមិនហ៊ានទទួល ដោយសារស្ថានភាពជនរងគ្រោះរបួសធ្ងន់ហើយក៏បានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យផ្សេង៕