ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួន និងដកហូតបានសារធាតុញៀន ទម្ងន់ជាង៥២គីឡូក្រាម នៅក្នុងរង្វង់ប្រតិបត្តិការបង្រ្កាបមួយស្ថិតក្នុងខណ្ខច្បារអំពៅ រាជធានីភ្នំពេញ។
របាយការណ៍របស់អគ្គស្នងការដ្ធាននគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកក្កដាថា ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុច មុខបន្ទប់ជួល C04 ផ្លូវបេតុង ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែងឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆន សុខា ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ និងដកយកវត្ថុតាង មេតំហ្វេតាមីន(ICE)ទម្ងន់ ៥២ គីឡា និង៦០៨.៤៦ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕