ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថាកម្ពុជា នៅតែបន្តឆន្ទៈរបស់ខ្លួនក្នុងការប្រយុទ្ឋប្រឆាំងនឹងអំពើជួញដូរមនុស្ស តែបានប្រតិកម្មចំពោះការផ្តល់ចំណាត់ថ្នាក់ទី៣ របស់សហរដ្ឋអាម៉េរិក។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាមួយនៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ថា សម្តេចបារម្ភចំពោះការវាយតម្លៃស្តីពី ការប្រយុទ្ឋប្រឆាំងនឹងអំពើជួញដូរមនុស្សរបស់កម្ពុជាពីសំណាក់សហរដ្ឋអាម៉េរិក។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ឱ្យដឹងថា លេខ១ សំដៅលើប្រទេសដែលគ្មានការជួញដូរ ,លេខ២ សំដៅលើប្រទេសដែលស្ថិតក្រោមការឃ្លាំមើល,លេខ៣ សំដៅលើប្រទេសដែលមិនមានឆន្ទះបង្រ្កាបការជួញដូរមនុស្ស និងអាចឈានដល់ការដាក់ទណ្ឌកម្ម។
សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ស ខេង ទទួលស្គាល់ថា កម្ពុជាបានអនុវត្តតែមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែក៏មិនអាក្រក់ទាំងអស់ ឬអត់ឆន្ទះនោះដែរ តែម្តេចបារម្ភលក្ខណនៃការវាយតម្លៃ ឬមនោសញ្ចេតនានៃការវាយតម្លៃ។
ទោះយ៉ាងណាក៏ដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជានៅតែមានឆន្ទះបន្តធ្វើការប្រយុទ្ឋប្រឆាំងនឹងអំពីជួញដូរមនុស្ស ដោយសហការជាមួយដៃគូទាំងអស់។
សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ ក្រសួងការបរទេសអាម៉េរិក បានបង្ហាញរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សនៅលើពិភពលោក របស់ខ្លួនថា កម្ពុជាបានធ្លាក់ចំណាត់ថ្នាក់កម្រិតពីរ មកនៅកម្រិតបី ដែលជាចំណាត់ថ្នាក់ទាបបំផុត ដោយសារមិនបានបំពេញតាមបទដ្ឋានអប្បបរមា ដូចដែលបានកំណត់៕