ភ្នំពេញ៖ បុគ្គលចំនួនពីររូប ដែលបានជាប់ពាក់ព័ន្ធជាមួយជនជាតិ នីហ្សេរីយ៉ាផ្ទុកជំងឺអុតស្វា ត្រូវបានប្រកាសតាមរកដើម្បីឱ្យមកត្រួតពិនិត្យសុខភាព។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានអំពាវនាវដល់បុគ្គលទាំងពីររូប ដែលបានដឹកជនជាតិ នីហ្សេរីយ៉ា ផ្ទុកជំងឺអុតស្វា ទៅកាន់ផ្ទះសំណាក់ស្លឹកមាសឱ្យធ្វើការពិនិត្យសុខភាពជាបន្ទាន់។
សូមបញ្ជាក់ថាការប្រកាសនេះ ធ្វើឡើងក្រោយពេលអាជ្ញាធរកម្ពុជា បានស្វែងរកឃើញបុរសជនជាតិ នីហ្សេរីយ៉ាម្នាក់ ដែលបានគេចខ្លួនពីប្រទេសថៃ និងចូលមករាជធានីភ្នំពេញប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។
បុរសជនជាតិ នីហ្សេរីយ៉ា ដែលផ្ទុកជំងឺអុតស្វា មានឈ្មោះ ស៊ើរ៉ុម អូស្មូណូ ជីហាស៊ីរីម (NZEROM OSMONO CHIHAZIRIM ) កាន់លិខិតឆ្លងដែនសហព័ន្ធ នីហ្សរីយ៉ា ត្រូវបានរាយការណ៍ថា បានធ្វើដំណើរពីប្រទេសកំណើត និងធ្លាប់ធ្វើការនៅប្រទេសឥណ្ឌា ហើយបានចូលមកប្រទេសថៃ និងចុងក្រោយបានធ្វើដំណើរចូលមកកម្ពុជា។
បច្ចុប្បន្នបុរសជនជាតិ នីហ្សេរីយ៉ា ដែលផ្ទុកជំងឺអុតស្វា ត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ក្រោមការយាមកាមពីសំណាក់អាជ្ញាធរ៕