ភ្នំពេញ៖ បុគ្គលចំនួនពីរនាក់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការបញ្ចេញឈ្មោះជុំវិញករណីតវ៉ារបស់ក្រុមបាតុករជាអតីត បុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យដឹងនៅនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤:២០នាទីរសៀល ក្រុមបាតុករជាអតីត បុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ប្រមាណជា ៩០នាក់ បានប្រមូលផ្តុំធ្វើ បាតុកម្មខុសច្បាប់នៅកណ្តាលមហាវិថីសម្តេចសុធារស ដោយធ្វើដំណើរលើទ្រូងផ្លូវ ចាប់ពីមុខចំណុច ផ្សារទំនើបអីអន១ ដល់ចំណុចសួនច្បារមុខសកលវិទ្យាល័យ បៀល ប្រាយ។
ជុំវិញករណីនេះ អ្នកនាំពាក្យរដ្ឋបាលរាជធានី បានអះអាងថា មានការត្រៀមលក្ខណៈរួចស្រេច ក្រោមការរៀបចំផែនការទុកជាមុនដើម្បីបង្កើតព្រឹត្តិការណ៍មិនល្អមកលើអាជ្ញាធរមានសមត្ថកិច្ច និងបង្កការ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដោយធ្វើសកម្មភាពប្រមូលផ្ដុំគ្នាយ៉ាងអាណាធិបតេយ្យ ដើរដង្ហែធ្វើបាតុកម្មតាមដងផ្លូវសាធារណៈ លើកបដា ស្រែកឡូឡា ជេរប្រមាថលើមន្ត្រីសាធារណៈ និងបង្កសម្លេងរំខានជាដើម។
អ្នកនាំពាក្យរដ្ឋបាលរាជធានី បានលើកឡើងថា ក្រុមអ្នកតវ៉ាមានបំណងបង្កើតរូបភាពអវិជ្ជមានផ្សេងៗដើម្បីទម្លាក់កំហុសលើអាជ្ញាធរអនុវត្តច្បាប់ ទៅធ្វើការផ្សព្វផ្សាយ តាមរយៈការលូកចូលរួមយ៉ាងចំហរ និងសកម្មពី បុគ្គលមួយចំនួនដែលមិនមែនជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ពិសេសការញុះញង់ ក្នុងន័យដុតកម្ដៅបញ្ឆេះកំហឹងពីសំណាក់ឈ្មោះ វន ពៅ និងឈ្មោះ យ៉ាង សោភ័ណ្ឌ ក្រុមបាតុករ ហ៊ានបុកទម្លាយប៉ារាស និងបង្កហិង្សាមកលើសមត្ថកិច្ច មានលក្ខណៈទ្រង់ទ្រាយធំជាងមុនដែល សមត្ថកិច្ចចាំបាច់ត្រូវប្រើប្រាស់សិទ្ធិការពារខ្លូន។
រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ដែលនៅសេសសល់ ឱ្យបញ្ឈប់ការសកម្មភាព ខុសច្បាប់ផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ហើយងាកមកចូលរួមអនុវត្តយន្តការដោះស្រាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
អត្ថបទ៖លាង ឡា