ភ្នំពេញ៖ ក្រុមការងារអន្តរក្រសួងដឹកនាំដោយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបប្រជុំគ្នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីពិភាក្សាសរសេររបាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិ។
តាមការចុះផ្សាយរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងគ្រប់ក្រសួង ស្ថាប័ន ដើម្បីពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងឯកសារគោលរួម របស់ព្រះរាជាណាចក្រកម្ពុជា។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងបន្តថា ឯកសារគោលរួមនេះ ជាឯកសារគោលមួយដែលក្ដោបនូវព័ត៌មាន ទូទៅចាំបាច់នានា អំពីព្រះរាជាណាចក្រកម្ពុជា ដែលបង្កើតបានជាផ្នែកដំបូងទូទៅ នៃរបាយការណ៍ទាំងអស់ សម្រាប់ដាក់ជូនស្ថាប័ន នៃសន្ធិសញ្ញានានា ដែលព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័ន។
ឯកសារគោលរួមជាមធ្យោបាយកាត់បន្ថយព័ត៌មានដដែលៗមួយចំនួនដែលមាននៅក្នុងរបាយការណ៍ជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋភាគីទៅកាន់ស្ថាប័នសន្ធិសញ្ញាផ្សេងៗ កម្ពុជាបានដាក់ឯកសារគោលរួមរបស់ខ្លួនជូនអង្គការសហប្រជាជាតិ តាំងពីឆ្នាំ១៩៩៧ ហើយការរៀបចំធ្វើជាថ្មីនូវឯកសារគោលរួមនេះ តបតាមការស្នើសុំរបស់អង្គការសហប្រជាជាតិ ក្នុងការធ្វើបច្ចុប្បន្នភាព ព័ត៌មានចាំបាច់នានាអំពីព្រះរាជាណាចក្រកម្ពុជា។
តាមការបញ្ជាក់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ឯកសារនេះ បានផ្ដោតលើបីចំណុចសំខាន់ៗ មានជាអាទិ៍រួមមាន៖(១). ព័ត៌មានទូទៅអំពីព្រះរាជាណាចក្រកម្ពុជាដែលពាក់ព័ន្ធទៅនឹងសន្ធិសញ្ញាទាំងអស់ រួមទាំងព័ត៌មានអំពីលក្ខណៈភូមិសាស្ត្រប្រជាសាស្ត្រសេដ្ឋកិច្ច សង្គម កម្រិតវប្បធម៌ រចនាសម្ព័ន្ធ រដ្ឋធម្មនុញ្ញ នយោបាយ និងគតិយុត្តិរបស់រដ្ឋ (២),ក្របខ័ណ្ឌយុត្តាធិការទូទៅដើម្បីការពារសិទ្ធិមនុស្ស និង (៣).ការមិនរើសរើងនិងការដោះស្រាយ៕