ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ ២០២២ អគ្គនាយដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធចូលជាថវិកាជាតិ បានប្រមាណ ១,៩៧ពាន់លានដុល្លារ គឺមានកើនឡើង ២៩,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយដ្ឋានពន្ធដារ បានមានប្រសាសន៍ថា ការប្រមូលចំណូលពន្ធរបស់អង្គភាពពន្ធដារ នៅចន្លោះពីខែមករា ដល់ខែមិថុនា សម្រេចបានប្រមាណ ១,៩៧ពាន់លានដុល្លារ បានកើនឡើង ២៩,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបានបញ្ជាក់ថា ការប្រមូលចំណូលពន្ធនេះ សម្រេចបាន ៦៩,៨៩ភាគរយ នៃផែនការកំណត់ដោយច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២២។
យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានពន្ធដារ បានបញ្ជាក់ដែរថា សរុបក្នុងឆមាសទី១ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលប្រមូលបានជាក់ស្ដែង តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៧ ៩៨០,៥៧ ប៊ីលានរៀល (ប្រមាណជា ១៩៧០,៥១ លាន ដុល្លារ ស្មើនឹង ៦៩,៨៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១ ៨៣៣,៥៩ ប៊ីលានរៀល (ប្រមាណជា ៤៥២,៧៤លានដុល្លារ) ស្មើនឹង ២៩,៨៧%។ សរុបក្នុងឆមាស ទី១ ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើន ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ២៧,១៩%, អាករលើតម្លៃបន្ថែម ៣៣,៣៧%, ពន្ធលើប្រាក់បៀវត្ស ២៥,១៦% ,អាករពិសេស ៣៤,០១%, ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ៤៤,៣៨%, និងពន្ធលើឈ្នួល ផ្ទះ និងដី ១០,១២%៕