ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកក្រុមការងារបច្ចេកទេស ចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ ខណៈការងារស្ថាបនាជិតរួចរាល់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២០ ខែកក្កដានេះថា អគ្គនាយកដ្ឋានបច្ចេកទេស បានធ្វើតេស្តសាកល្បងគុណភាពសាងសង់ផ្លូវ១៤៦បេ ដោយប្រើឧបករណ៍ទំនើបៗ និងបានបង្ហាញថា ផ្លូវនេះសាងសង់បានល្អ មានគុណភាពរឹងមាំដោយហេតុថា មានការធ្វើតេស្តសាកល្បងចំនួន៤១៤កន្លែង ក្នុងនោះមានតែពីរកន្លែងប៉ុណ្ណោះមាន គុណភាពក្រោមកម្រិតបច្ចេកទេសបន្តិច ប៉ុន្តែអាចទទួលយកបាន។
លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា ផ្លូវនេះអាចជួយសម្រួលដល់ឡានដឹកទំនិញធុនធ្ងន់ធ្វើដំណើរវាងផ្លូវជាតិលេខ៤ ជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍លើផ្លូវជាតិលេខ៤ ដែលកន្លងមកតែងតែបង្កភាពយឺតយ៉ាវដល់ការនាំទំនិញទៅលក់នៅបរទេស ហើយក្រសួងគ្រោងស្នើទៅអភិបាលក្រុងព្រះសីហនុ ដើម្បីពិនិត្យរួមគ្នាលើលទ្ធភាពនៃការអនុញ្ញាតឱ្យរថយន្តដឹកជញ្ជនទំនិញធុនធ្ងន់ចេញពីកំពង់ផែក្រុងព្រះសីនុ ធ្វើដំណើរចូលផ្លូវល្បឿនលឿនតែម្ដង ដើម្បីចំណេញពេលវេលា និងកាត់បន្ថយបន្ទុកនៃការដឹកជញ្ជូនលើផ្លូវលេខ៤ ដែលកំពុងមានចរាចរណ៍មមាញឹកខ្លាំង។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាពការងារបាន៩៩,៨១% ហើយនឹងបញ្ចប់នាពេលឆាប់ៗនេះ៕
អត្ថបទ៖លាង ឡា