រដ្ឋមន្រ្តីក្រសួងទេសចរណ៏ លោក ថោង ខុន បានអះអាងអំពីមូលហេតុមួយចំនួន ដែលនាំឲ្យភ្ញៀវទេសចរណ៏មានការថយចុះ បើធៀបនឹងសប្តាហ៍កន្លងមក ហើយគោលដៅទេសចរណ៍សំខាន់ៗ សុទ្ធតែមានថយចុះ ដោយមូលហេតុមួយចំនួនដូចជា បញ្ហាអាកាសធាតុមិនអំណោយផល ភ្លៀងធ្លាក់ច្រើន ធ្វើឲ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួនជាដើម។
របាយការណ៏របស់លោក ថោង ខុន ដែលទើបទទួលបាននៅថ្ងៃទី១៩ ខែកក្កដា បានបញ្ជាក់ថា “គោលដៅទេសចរណ៍សំខាន់ៗ សុទ្ធតែមានថយចុះ ដូចជាខេត្តព្រះសីហនុ ថយចុះប្រមាណ៤៨,០៧ ភាគរយ, ខេត្តកែប ថយចុះប្រមាណ៤១,៧២ភាគរយ និងខេត្តសៀមរាប ថយចុះប្រមាណ៣៨,០៦ ភាគរយ។ មូលហេតុសំខាន់ដែលនាំឲ្យការថយនៃចំនួនភ្ញៀវទេសចរនាសប្តាហ៍កន្លងមក គឺបណ្តាលមកពីបញ្ហាអាកាសធាតុ ដែលមិនអំណោយផល មានភ្លៀងធ្លាក់ច្រើននៅគ្រប់រាជធានីខេត្ត ដែលបានធ្វើឲ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន ពិសេសគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ និងគោលដៅទេសចរណ៍នៅខេត្តពោធិសាត់ (តំបន់វាលវែង និងផ្លូវបុប្ផាលក់ខ្លួន ផ្លូវជាតិលេខ៥៥) ជាដើម។ ដោយឡែក នៅចុងសប្តាហ៍កន្លងមកនេះ មានប្រជាពលរដ្ឋមួយចំនួន បានធ្វើដំណើរទៅកាន់ទីវត្តអារាមនានា ដើម្បីនាំយកទានវស្សា និងគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃ សម្រាប់ប្រើប្រាស់នាពេលចូលព្រះវស្សា”។
លោករដ្ឋមន្រ្តីបញ្ជាក់ថា ភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ (ថ្ងៃទី១៦-១៧ ខែកក្កដា) មានចំនួន២២៦.៤៤១ នាក់។ ក្នុងនោះ ភ្ញៀវជាតិមានចំនួន២០៤.៤៨១នាក់, ភ្ញៀវបរទេសផ្ទៃក្នុង មានចំនួន២១.៩៦០ នាក់។ លោកថា តួលេខខាងលើនេះ មានការថយចុះប្រមាណ២០,៧៧ ភាគរយ បើធៀបនឹងសប្តាហ៍កន្លងមក៕ (មានជ័យ)