ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន៤៦នាក់ នៅក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន១៤ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ។
យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៤៦នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ក្នុងនោះរួមមាន ៖ ជួញដូរ ៤ករណី ឃាត់ខ្លួន ១២នាក់,ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ខ្លួន ១០នាក់ និងប្រើប្រាស់ ៤ករណី ឃាត់ ២៤នាក់ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន(Ice) ទម្ងន់៤៥០,០៥ក្រាម និង២៨កញ្ចប់តូច និងមេតំហ្វេតាមីន(Wy)ទម្ងន់០,៥៤ក្រាម ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានដាក់ចេញទិសដៅចំនួន៤ចំណុច ជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ឱ្យបានជោគជ័យ ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគ កាន់តែមានការកើនឡើង៕
អត្ថបទ៖លាង ឡា