នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ សហរដ្ឋអាមេរិក នឹងប្រគល់វត្ថុបុរាណខ្មែរចំនួន៣០ដុំ មកឲ្យកម្ពុជាវិញ ដែលពិធីប្រគល់ និងទទួលនេះ នឹងធ្វើឡើងនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នេះបើតាមការឲ្យដឹងពីលោក កែវ ឈា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក។
ចំណែកលោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានមានប្រសាសន៏នៅរសៀលថ្ងៃទី១៨ ខែកក្កដា នេះដែរថា លោកគ្រោងនឹងធ្វើជាតំណាងទៅទទួលនៅក្នុងពិធីប្រគល់ និងទទួលនោះដែរ ប៉ុន្តែដោយសារលោកមានការរវល់ច្រើន ក្រសួងវប្បធម៌ ក៏បានស្នើទៅក្រសួងការបរទេស ដើម្បីស្នើឱ្យឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកចូលរួម តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជាតែម្ដង ចំណែកលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ នឹងចូលរួមតាម Zoom ពីកម្ពុជា។
លោករដ្ឋលេខាធិការបញ្ជាក់ដែរថា វត្ថុបុរាណខ្មែរដែលគ្រោងរៀបចំពិធីប្រគល់ និងទទួលនោះ មានមានចំនួន៣០ដុំ ហើយក្នុងនោះ ក៏មានរូបព្រះស្កន្ទជិៈក្ងោក ដែលមានទំហំធំ និងតម្លៃជាងគេផងដែរ។ លោកបានអះអាងថា វត្ថុបុរាណទាំងនេះ ក្រោយពីរឹបអូសបាន ត្រូវដំណើរការនៅតុលាការអស់រយៈពេលយូរ ហើយមកពេលនេះបានបញ្ចប់ហើយ ទើបមានការឯកភាពគ្នារៀបចំពិធីប្រគល់ និងទទួលជាផ្លូវការ។
គួររំលឹកថា ដោយមានកិច្ចសហការល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក វត្ថុបុរាណជាច្រើន ក៏ត្រូវបានសហរដ្ឋអាមេរិកបញ្ជូនត្រឡប់មកឲ្យកម្ពុជា ជាច្រើនលើករួចមកហើយ។ លោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានលើកឡើងថា ការត្រឡប់មកវិញ នៃរូបចម្លាក់ទាំងនេះ និងរបកគំហើញថ្មីៗជាបន្តបន្ទាប់ បានផ្តល់ឱ្យប្រជាជនកម្ពុជា និងពិភពលោកនូវការយល់ដឹងកាន់តែប្រសើរថែមទៀត អំពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរបុរាណ៕ (មានជ័យ)