ភ្នំពេញ៖ សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យខ្មែរ និងបរទេសចំនួន ១១នាក់ នៅក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន លើគោលដៅចំនួន៥ ដោយរឹបអូសបានសារធាតុញៀន ទម្ងន់ជាង ៤៤ គីឡូក្រាម ព្រមទាំងអាវុធខ្លី និងគ្រាប់បែកដៃផងដែរ។
របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ថា ប្រតិបត្តិការនេះ បានធ្វើឡើងតាំងពីថ្ងៃទី១៣ ដល់១៥ ខែ កក្កដា ឆ្នាំ២០២២ លើគោលដៅចំនួន៥ផ្សេងគ្នា រួមមាន៖១, នៅចំណុច សួនច្បារមាត់ទន្លេមុខវំាង ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារធាតុញៀនប្រមាណ១គីឡូ ។
គោលដៅទី២, នៅចំណុច ខុនដូឃ្វីន បន្ទប់ជួលលេខ៦០២ជាន់ទី៦ ផ្លូវលេខ៣០៨ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារធាតុញៀនប្រមាណ ជាង៣គីឡូ។
គោលដៅ៣, នៅចំណុច មុខសណ្ឋាគារហាក់ហួត២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ និងចាប់យកសារធាតុញៀន ២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម ។
គោលដៅទី៤, នៅចំណុច ផ្ទះ៨០៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០១នាក់ និងដកហូតថ្នាំញៀន០៣កញ្ចប់ធំ ប្រមាណ៣គីឡូក្រាម។
និងគោលដៅទី៥, នៅចំណុច ខ្ទមចម្ការ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៤នាក់និងដកហូតថ្នាំញៀន២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម។
សមត្ថកិច្ចបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិខ្មែរ និងបរទេស សរុបចំនួន១១នាក់ និងសារធាតុញៀន សរុប ៤៤គីឡូ និង៩១៦ក្រាម ព្រមទាំងមធ្យោបាយ មានអាវុធខ្លី១ដើម និងគ្រាប់បែក១គ្រាប់ ព្រមទាំអសម្ភារពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕
អត្ថបទ៖លាង ឡា