ភ្នំពេញ៖ រថយន្តចង្កូតស្តាំ ចំនួន ២ ០៦០ គ្រឿង បានចុះបញ្ជីរថយន្ត និងបង់ពន្ធ-អាករ ក្រោយ ទទួលបានការអនុគ្រោះពីរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការអនុញ្ញាតឱ្យប្រមូលពន្ធ និងអាករលើរថយន្តចង្កូតស្ដាំ គ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ដោយពុំតម្រូវឱ្យកែចង្កូត។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នេះ ម្ចាស់និងអ្នកកាន់កាប់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់បានចូលខ្លួនមកចុះបញ្ជីរថយន្ត និងបង់ពន្ធ និងអាករជាបន្តបន្ទាប់។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងបន្តថា រថយន្តចង្កូតស្តាំត្រូវបានចុះបញ្ជីសរុបមានចំនួន ២ ០៦០ គ្រឿង ក្នុងនោះម្ចាស់បានបង់ពន្ធ និងអាកររួចរាល់ចំនួន ១ ០២៩ គ្រឿង និងនៅសល់ក្នុងបញ្ជីពុំទាន់បានបង់ពន្ធនិងអាករចំនួន ១ ០៣១ គ្រឿង។ដោយឡែករថយន្តចង្កូតឆ្វេង ដែលត្រូវបានអនុញ្ញាតឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ដោយមិនរងពិន័យមានចំនួន១៥គ្រឿង។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទឹកប្រាក់ពន្ធ និងអាករសរុបដែលទទួលបានពីរថយន្តចង្កូតស្ដាំ និងឆ្វេង មានចំនួនប្រមាណ ១៧.៧៩ ប៊ីលានរៀល ឬប្រមាណ ៤.៣៥ លានដុល្លារអាមេរិក។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានក្រើនរំលឹកទៅកាន់ម្ចាស់ និងអ្នកកាន់កាប់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ត្រូវរួសរាន់ទៅបង់ពន្ធ និងអាករ ឬស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំ គ្មានពន្ធមានស្រាប់ក្នុងប្រទេស ឱ្យបានយ៉ាងយូរត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីជៀសវាងការអនុវត្តវិធានការបង្ក្រាប និងរឹបអូស៕
អត្ថបទ៖លាង ឡា