ភ្នំពេញ៖ ស្ត្រីខ្មែរឥស្លាមម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនកាលពីវេលាម៉ោង ១២:៤០នាទី ថ្ងៃត្រង់ទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី២ ពាក់ព័ន្ធការចាក់សម្លាប់បុរសខ្មែរឥស្លាម ដែលជាបងបង្កើតរបស់ខ្លួន។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ម៉ាសត៍ អាយុប្រមាណ៤០ឆ្នាំ ចំណែកបុរសរងគ្រោះមានឈ្មោះ ឡោះ សុគ្រី ភេទប្រុស អាយុ៤១ឆ្នាំ។
ប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា កាលពីម៉ោងប្រម៉ាណ ៩យប់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យ និងជនរងគ្រោះជាបងប្អូននឹងគ្នាបានឈ្លោះប្រកែក រហូតឈានដល់ការប្រើហឹង្សា បណ្តាលឲ្យបុរសជាបងបានរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ប៉ុន្តែដោយសារអ្នកជំងឺរបួសធ្ងន់ទើបស្លាប់នៅមន្ទីរពេទ្យ។ លុះដល់ម៉ោង១០យប់ថ្ងៃដដែល សពត្រូវបានបញ្ជូនមកផ្ទះកើតហេតុវិញ រហូតដល់ម៉ោងប្រម៉ាណ៨ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានទទួលដំណឹងនេះ រួចទៅធ្វើការសាកសួរ នៅឯផ្ទះកើតហេតុ។
សមត្ថកិច្ខ បានឱ្យដឹងថា តាមការបំភ្លឺរបស់ស្ត្រីជាម្តាយ អះអាងថា កូនប្រុសរបស់ខ្លួនមានឈ្លោះ ឡោះ សុគ្រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបច្ចុប្បន្ន លាងម៉ូតូ បានទទួលមរណភាព ដោយសារជំងឺសួតរាំរ៉ៃ ជាយូរឆ្នាំ។យ៉ាងណាក៏ដោយ ដោយសារមានការសង្ស័យក្នុងការបញ្ចុះសពដោយមិនមានលិខិតច្បាស់លាស់ ទើបសមត្ថកិច្ចប្រើវិធានការជំនាញ រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់តែម្តង។
ការស៊ើបអង្កេតបានឱ្យដឹងថា នៅលើសាកសពមានស្នាមរបួស និងមិនមែនស្លាប់ដោយសារជំងឺនោះទេ៕
អត្ថបទ៖លាង ឡា