ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន៣៤នាក់ (ស្រី៥នាក់) នៅក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន១៦ករណី នៅទូទាំងប្រទេស កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ។
យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៤នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ក្នុងនោះរួមមាន ៖ ជួញដូរ ១០ករណី ឃាត់ខ្លួន១៨នាក់ (ស្រី ៥នាក់) ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ១នាក់ និងប្រើប្រាស់ ៥ករណី ឃាត់ខ្លួន ១៥នាក់ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖មេតំហ្វេតាមីន(Ice) ទម្ងន់ ៦៧,៩៣ក្រាម និង២០កញ្ចប់តូច ព្រមទាំងមេតំហ្វេតាមីន (wy)ទម្ងន់០,៥៦ក្រាម។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានដាក់ចេញទិសដៅចំនួន៤ចំណុច ជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ឱ្យបានជោគជ័យ ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគ កាន់តែមានការកើនឡើង៕