ភ្នំពេញ៖ ជនសង្ស័យ ចំនួន៣៤នាក់ (ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន១៨ករណី នៅទូទាំងប្រទេស នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ។
យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាន នគរបាលជាតិបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៤នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ក្នុងនោះរួមមាន ៖ ជួញដូរ ៩ករណី ឃាត់ ២០នាក់,ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៧នាក់ និងប្រើប្រាស់ ៤ករណី ឃាត់ខ្លួន៧នាក់។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន (Ice) ទម្ងន់១១៧៩,៨៤ក្រាម និង៤កញ្ចប់តូចនិងមេតំហ្វេតាមីន (wy) ទម្ងន់៨៤,៧ក្រាម។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានដាក់ចេញទិសដៅចំនួន៤ចំណុច ជាយុទ្ឋសាស្រ្តដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀនឱ្យបានជោគជ័យ ខណៈនិន្នាការនៃការផលិតការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគកាន់តែមានការកើនឡើង៕