ភ្នំពេញ៖ អ្នកដំណើរជាប្រជាជន ឬពលករខ្មែរ ដែលចូលមកកម្ពុជា តាមច្រកព្រំដែនគោក និងព្រំដែនទឹក នៃប្រទេសជិតខាង ដែលមិនបានចាក់ ឬចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ ត្រូវបានក្រសួងសុខាភិបាល ណែនាំឱ្យធ្វើតេស្ដរហ័ស ដើម្បីបង្ការជំងឺកូវីដ-១៩។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានមានប្រសាសន៍ក្នុងសេចក្តីណែនាំមួយជូនអាជ្ញាធរខេត្តពាក់ព័ន្ធថា ក្រោយពីមានការ កែសម្រួលលក្ខខណ្ឌមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស ដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំង កូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ មណ្ឌលចត្តាឡីស័ក នៅតាមខេត្តជាប់ ព្រំដែនត្រូវបានបិទដំណើរការ។
លោកបានមានប្រសាសន៍បន្តថា ដើម្បីកាត់បន្ថយហានិភ័យ នៃការចម្លងវីរុសកូវីដ-១៩ ប្រភេទថ្មីៗនាំចូលពីបរទេស សូមអនុវត្តចំពោះអ្នកដំណើរជាប្រជាជន ឬពលករខ្មែរ ដែល ចូលមកកម្ពុជា តាមច្រកព្រំដែនគោក និងព្រំដែនទឹក នៃប្រទេសថៃ ឡាវ និងវៀតណាម ដែលមិនបានចាក់ ឬចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ តម្រូវឱ្យធ្វើតេស្ដរហ័សដោយពុំបង់ប្រាក់។
រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អាជ្ញាធរពាក់ព័ន្ធទៀតថា ក្នុងករណីទទួល លទ្ធផលវិជ្ជមាន នឹងត្រូវអនុវត្តនូវលក្ខខណ្ឌចំនួន២ រួមមាន៖
១. ប្រសិនជាគ្មានរោគសញ្ញា ឬជាករណីស្រាល ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅតាមផ្ទះ ចំពោះអ្នក ដែលមានលំនៅឋានសមរម្យ ឬត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលនៅសណ្ឋាគារ ឬផ្ទះសំណាក់ បើសាមីជនមានលទ្ធភាព និងបំណង ដោយមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន ហើយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់បុគ្គលសាមី និងត្រូវ អនុវត្តនូវវិធានការ ៣ការពារ ៣កុំ ព្រមទាំងតាមដានសុខភាពឱ្យបានខ្ជាប់ខ្ជួន ស្របតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។
២. ប្រសិនជាមានរោគសញ្ញាធ្ងន់ធ្ងរ អាជ្ញាធរសុខាភិបាល ត្រូវដាក់អ្នកជំងឺកូវីដ-១៩ ឱ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យ ក្រោមការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គ្រូពេទ្យ។
សូមបញ្ជាក់ដែរថា កម្ពុជា បានកើតមានករណីឆ្លងជំងឺកូវីដ-១៩ ជាថ្មី កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែរហូតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ពុំទាន់មានករណីស្លាប់ ដោយសារការឆ្លងថ្មីនេះនៅឡើយទេ៕
អត្ថបទ៖លាង ឡា