សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវអនុសាសន៍មួយចំនួនការងើបឡើងវិញនៃវិស័យទេសចរណ៏ ក្នុងនោះក៏បានជំរុញឱ្យយកព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជាផងដែរ ហើយបើតាមសម្ដេចតេជោ ខណៈវិស័យទេសចរណ៍របស់កម្ពុជា កំពុងរើបៗឡើងវិញ បញ្ហាថ្មីក៏បានចូលមកដល់ គឺសង្គ្រាម និងទណ្ឌកម្ម។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងនេះថា "ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ខ្ញុំស្នើសុំឲ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ដាក់ចេញជាយុទ្ធនាការទស្សនាកម្ពុជាឆ្នាំ២០២៣ ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា”។ ជាមួយគ្នានោះ សម្តេចបានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ និងប្រជាជនចូលរួមក្នុងយុទ្ធនាការ កម្ពុជាស្អាត ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ ដើម្បីលើកកម្ពស់មុខមាត់របស់កម្ពុជាផង និងអបអរសាទរការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ផងដែរ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការជំរុញផែនការវិស័យទេសចរណ៏នេះ ដោយសារតែបញ្ហាកូវីដ១៩ បានធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ទៅលើវិស័យទេសចរណ៍។ សម្តេចថា វិស័យមួយចំនួនដូចជា វិស័យឧស្សាហកម្ម វិស័យកសិកម្ម និងសេវាកម្មមួយចំនួនបានងើបឡើងវិញហើយ ប៉ុន្តែវិស័យទេសចរណ៍កំពុងស្ថិតនៅក្នុងសភាពរើបៗឡើងវិញ ឥឡូវបញ្ហាថ្មីក៏បានចូលមកដល់ ដែលអាចនាំទៅដល់ការបំផ្លាញវិស័យទេសចរណ៍ថែមទៀត គឺសង្គ្រាម និងទណ្ឌកម្ម។ ដែលបញ្ហានេះ បានបង្កើតឱ្យមានស្ថានភាពមិនច្បាស់លាស់ នៃពិភពលោកមួយដែលបែកបាក់ និងគ្មានសណ្ដាប់ធ្នាប់។
គួររំលឹកថា កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៦លាននាក់ កើនឡើង៦.៦ ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ប៉ុន្តែដោយសារនាពេលបន្ទាប់កម្ពុជាត្រូវជួបនឹងវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ចំនួនភ្ញៀវទេសចរក៏ត្រូវធ្លាក់ចុះជាលំដាប់។ ជាក់ស្ដែងនៅឆ្នាំ២០២០ មានភ្ញៀវអន្តរជាតិតែ១.៣លាននាក់ ធ្លាក់ចុះ-៨០.២ ភាគរយ ហើយនៅឆ្នាំ២០២១ ទទួលបាន១៩ម៉ឺននាក់ ថយចុះ-៨៥ ភាគរយ។ ទាំងនេះ គឺដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងលើការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ហើយមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ៕ (មានជ័យ)