ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញដល់បណ្តាក្រុមហ៊ុនទូរសព្ទ ឱ្យពង្រឹង និងពង្រីកសេវានៅតាមតំបន់ទេសចរណ៍នានា ដើម្បីបង្កភាពងាយស្រួលដល់អ្នកទៅលេងកម្សាន្តនៅតំបន់ដាច់ស្រយាល។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ការពង្រីកសេវាទូរសព្ទនៅតំបន់ឆ្ងាយៗ គឺមានភាពចាំបាច់សម្រាប់អ្នកដើរកម្សាន្ត។ សម្តេចតេជោ បានផ្តល់អនុសាសន៍ឱ្យគិតគូ និងពង្រឹងបន្ថែមទៀត នូវការលើកកម្ពស់ទេសចរផ្ទៃក្នុង។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជា ចំនួនជាង៥០ម៉ឺននាក់ កើនឡើងក្នុងអត្រា៣៩៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០២១។ លោកបានលើកឡើងថា តាមការប៉ាន់ស្មាន ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងមានភ្ញៀវទេសចរអន្តរជាតិ មកលេងកម្សាន្តប្រមាណ១លាននាក់ ឬច្រើនជាងនេះ ខណៈទេសចរផ្ទៃក្នុងកើនឡើងតាមទម្រង់អក្សរ V អាចនឹងទទួលបានចំនួនជាង១១លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ៕