កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសបើកឱ្យធ្វើចរាចរណ៍ឡើងវិញ លើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ លេខ១១៦-១១៧ ក្រោយពេលស្ថានភាពទឹកស្ទឹងសំរោង បានស្រកចុះ។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះថា ទឹកបានស្រកចេញពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ លេខ១១៦-១១៧ ស្ថិតក្នុងភូមិស្ពានសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដូចនេះ រដ្ឋបាលខេត្ត បានបើកឱ្យដំណើរការចរាចរណ៍ឡើងវិញ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ បានសម្រេចផ្អាកការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ មិនឆ្លងកាត់ក្នុងភូមិសាស្រ្តគីឡូម៉ែត្រ លេខ១១៦-១១៧ ស្ថិតក្នុងភូមិស្ពានសំរោង ដោយសារជំនន់ទឹកភ្លៀងបានហូរកាត់ផ្លូវ។
កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ទឹកនៅចំណុចស្ពានសំរោង បានហក់ឡើងក្នុងកម្រិតកម្ពស់ ៥.១០ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន គឺ ៥.៦០ម៉ែត្រ ដោយសារជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីភ្នំគិរីរម្យ។ នៅក្នុងជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងរងការជន់លិច តែពុំបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ៕