ព្រះសីហនុ៖ ទឹកស្ទឹងសំរោង នៅផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កំពុងមានការកើនឡើង និងស្ថិតក្នុងកម្រិតប្រុងប្រយ័ត្ន ខណៈ អាជ្ញាធរ កំពុងត្រៀមខ្លួនជម្លៀស ពលរដ្ឋនៅក្នុងតំបន់នោះទៅកាន់ទីសុវត្ថិភាព។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះថា គិតត្រឹមម៉ោង ១០:៣០នាទីព្រឹក ស្ថានភាពទឹកនៅស្ទឹងសំរោង មានកម្ពស់ ៥.១០ម៉ែត្រ ដែលកម្រិតប្រកាសអាសន្ន គឺ ៥.៦០ម៉ែត្រ។
ជុំវិញបញ្ហានេះ លោក សៅ បូរីវឌ្ឍនៈ អភិបាលស្រុកកំពង់សិលា បានឱ្យដឹងថា អាជ្ញាធរស្រុក បានត្រៀម លក្ខណៈ ក្នុងការជួយជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ ព្រមទាំងបិទចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ប្រសិនបើភ្លៀងនៅបន្តធ្លាក់។
អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជាក់ថា ទឹកជន់នៅចំណុចស្ពានសំរោងនេះ គឺដោយសារជំនន់ទឹកភ្លៀង និងទឹកធ្លាក់មកពីភ្នំគិរីរម្យ៕
អត្ថបទ៖លាង ឡា