ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នោះឡើយ ដោយសារការសាងសង់ផ្លូវពុំទាន់រួចរាល់ និងមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍ គ្រប់គ្រាន់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែល វិនិយោគសាងសង់ដោយក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន (CRBC) កំពុងដំណើរការសាងសង់ មិនទាន់បញ្ចប់ទាំងស្រុងទេ ជាពិសេសនៅមិនទាន់បានបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅឡើយ។
ក្រសួងបានលើកឡើងថា បច្ចុប្បន្នការធ្វើចរាចរយានយន្តរបស់សាធារណជន និងប្រជាពលរដ្ឋមួយចំនួនបានចូលប្រើប្រាស់ផ្លូវនេះ មានការកើន ឡើងគួរឱ្យកត់សម្គាល់ និងបានបង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ដើម្បីជៀសវាងការរំខានដល់ដំណើរការ សាងសង់បញ្ចប់គម្រោងទាន់តាមពេលវេលាដែលបានគ្រោងទុក និងជៀសវាងការបង្កគ្រោះថ្នាក់ក្នុងការ ធ្វើដំណើរ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើការងារឱ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និង ដឹកជញ្ជូន ប៉ុណ្ណោះ៕