ភ្នំពេញ៖ ឥទ្ឋិពលប្រព័ន្ឋសម្ពាធទាប ITCZ និងឥទ្ឋិពលពីជ្រលងសម្ពាធទាបឥណ្ឌា ព្រមទាំងខ្យល់មូសុងក្នុងកម្រិតពីខ្សោយទៅមធ្យម នឹងធ្វើឱ្យតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះថា សម្ពាធទាប ITCZ និងជ្រលងសម្ពាធទាបឥណ្ឌា ព្រមទាំងខ្យល់មូសុង នឹងបង្កឥទ្ឋិពលជាបន្តបន្ទាប់ដល់កម្ពុជា។
ក្រសួងបានឱ្យដឹងបន្តថា ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា តំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅផ្នែកខ្លះក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ ខណៈលើផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់។ ពីថ្ងៃទី១៥-១៩ ខែកក្កដា នឹងអាចមានភ្លៀងពីតិចទៅមធ្យម៕