ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនក្នុងការត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេមនិងស៊ីហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។
នៅក្នុងកិច្ចប្រជុំពិភាក្សាលើកិច្ចការនានា ត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំដល់អ្នករៀបចំកីឡាប៉ារ៉ាហ្គេម និងស៊ីហ្គេម ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញាឱ្យបានរួចរាល់និងជំរុញឱ្យបានខ្លាំងក្នុងការអភិរក្សកម្រិតបច្ចេកទេសកីឡារួមមាន៖ ល្បុកតោ យុទ្ឋគុន ឥណ្ឌូនេស៊ី និងកីឡាយូដូ។
សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវសារជាថ្មីដល់ប្រព័ន្ឋផ្សព្វផ្សាយទាំងអស់ឱ្យចូលរួមយុទ្ឋនាការផ្សព្វផ្សាយ និងយុទ្ឋនាការលាងសម្អាតផ្ទះនិងសង្គម តាមរយៈយុទ្ឋនាការ ប្រជាជនម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត,កម្ពុជាស្អាត,បដិសណ្ឋារកិច្ចល្អ សេវាល្អ ជាដើម។
សម្តេចតេជោ ក៏បានស្នើរដល់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យពិនិត្យលទ្ឋភាពពន្យាវិស្សមកាលតូច ក្នុងឆ្នាំ២០២៣ ដើម្បីផ្តល់ឱកាសដល់សិស្ស និស្សិត ចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្តាប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផ្តល់ការគាំទ្រគ្រប់ទម្រង់តាមដែលអាចធ្វើទៅបានដើម្បីឱ្យការរៀបចំការប្រគួតកីឡាឆ្នាំ២០២៣ ទទួលបានជោគជ័យ។
សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ៕