ភ្នំពេញ៖ តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ដោយសាររងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង។
យោងតាមប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះថា ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង រួមជាមួយ នឹងមូសុងនិរតីបក់ខ្លាំងមកលើតំបន់មាត់សមុទ និងភាគខាងក្រោមកម្ពុជា ផងនោះ បានធ្វើឲ្យបណ្តាខេត្ត និងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
ក្រសួងបន្តថា នៅថ្ងៃទី១១-១៤ ខែកក្កដា តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ដែលអាចធ្វើឲ្យផ្នែកមួយចំនួន នៅក្នុងភូមិសាស្ត្រ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបប្រទះនៅជំនន់ទឹកភ្លៀង។ ទន្ទឹមនោះនៅលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។
ក្រសួងធនធានទឹក និងឧតុនិយម បានបានជំរុញឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕