ភ្នំពេញ៖ ជនសង្ស័យ ចំនួន៣៩នាក់ (ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន១៦ករណី នៅទូទាំងប្រទេស នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ។
យោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាន នគរបាលជាតិបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៩នាក់ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ក្នុងនោះរួមមាន ៖ ជួញដូរ ៧ករណី ឃាត់ ១៣នាក់ (ស្រី ២នាក់) ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ៤នាក់ (ស្រី ១នាក់) និងប្រើប្រាស់ ៧ករណី ឃាត់ខ្លួន ២២នាក់ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ មេតំហ្វេតាមីន(Ice) = ១៥,៣៨ក្រាម និង២៦កញ្ចប់តូច ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានដាក់ចេញទិសដៅចំនួន៤ចំណុច ជាយុទ្ឋសាស្រ្ត ដើម្បីឈានដល់ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ឱ្យបានជោគជ័យ ខណៈនិន្នាការ នៃការផលិត ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ជាសកល ជាពិសេសគ្រឿងញៀនសំយោគ កាន់តែមានការកើនឡើង៕