ភ្នំពេញ ៖ គណបក្សអនាគតជាតិ ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសសម្រេចលុបឈ្មោះ ចេញពីបញ្ជីគណបក្សនយោបាយ ក្រោយពេលក្រសួងមហាផ្ទៃ បានទទួលស្គាល់ និងចុះបញ្ជីជាផ្លូវការ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានឱ្យដឹងនៅក្នុង សេចក្តីសម្រេច ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នេះថា ការសម្រេចលុបឈ្មោះ គណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយ បង្កើតនៅក្រសួងមហាផ្ទៃ ធ្វើឡើងតាមបញ្ញត្តិមាត្រា ១៩ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ។
រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានបន្ដថា បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
សូមបញ្ជាក់ថា គណបក្ស អនាគតជាតិ សរសេរជាអក្សរកាត់ គ.អ.ជ. ដែលក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះចេញពីបញ្ជីនេះ ដឹកនាំដោយលោក ឃឹម ឡាគី អតីតអ្នកតំណាងរាស្រ្ត នៃអតីតគណបក្សសង្គ្រោះជាតិ និងមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ស្ថិតនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ៕