បាត់ដំបង៖ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង កំពុងធ្វើការស្រាវជ្រាវ លើករណីគ្រោះអគ្គិភ័យ ដែលបានកើតឡើងកាលពីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្រុម ៥ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បង្កឱ្យខូចខាតលំនៅដ្ឋានចំនួន ១៨ខ្នង។
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង បានឱ្យដឹងថា អាជ្ញាធរកំពុងសិក្សាស្វែងរកការវាយតម្លៃអំពីមូលហេតុដែលនាំឱ្យកើតគ្រោះអគ្គិភ័យនេះ។ របាយការណ៍របស់ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បានឱ្យដឹងថា គ្រោះអគ្គិភ័យនេះបានបណ្តាលឱ្យឆេះផ្ទះប្រជាពរដ្ឋ ចំនួន១៨ខ្នង ក្នុងនោះឆេះអស់ទាំងស្រុង ចំនួន១៤ខ្នង និងឆេះរោល ចំនួន៤ខ្នង។
នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានបញ្ចូនរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ចំនួន៧ គ្រឿង និងប្រើប្រាស់អស់ទឹកចំនួន ២៤ រថយន្ត និងគ្រប់គ្រងស្ថានការណ៍បាននៅវេលាម៉ោង ២២និង ៤០ នាទីយប់ ទើបពន្លត់ភ្លើងអស់ទាំងស្រុង ។
ជាមួយគ្នានេះ របាយការណ៍របស់ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងគ្រោះអគ្គិភ័យនេះ មិនមានអ្នករងគ្រោះថ្នាក់ ដោយរបួស ឬ បាត់បង់អាយុជីវិតនោះឡើយ ហើយអាជ្ញាធរក៏ពុំអាចវាយតម្លៃអំពីទំហំខូចខាត ទ្រព្យសម្បត្តិរបស់ជនរងគ្រោះបាននៅឡើយដែរ។
ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមប្រុងប្រយ័ត្ន និងត្រូវយកចិត្តទុកដាក់ចំពោះការប្រើប្រាស់ខ្សែបណ្តាញ ចរន្តអគ្គិសនី ភ្លើងជើងក្រាន ភ្លើងទៀន ធូប ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការគ្រោះថ្នាក់អគ្គិភ័យកើតមានឡើងជាយថាហេតុ៕