BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

០៧ កក្កដា ខួបលើកទី១៤ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក

ថ្ងៃព្រហស្បតិ៍, 07 ខែកក្កដា 2022 10:26  មានជ័យ

2022-07-07 10.15.23

ប្រាសាទព្រះវិហារ ត្រូវបានអង្គការវប្បធម៌ពិភពលោកយូណេស្កូ សម្រេចជាឯកច្ឆន្ទ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភព លោក នៅទីក្រុងកេប៊ិច ប្រទេសកាណាដា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។

ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រាសាទដ៏ចំណាស់មួយដែល​មាន​អាយុ​ជាងមួយពាន់​ឆ្នាំ កំពុង​ឈរ​បង្អួត​រាង​យ៉ាង​រឹង​មាំនៅលើកំពូលព្រះវិហារ នៃ​ជួរ​ភ្នំដងរែក មានកម្ពស់ប្រមាណ៦២៥ ម៉ែត្រ ពីនីវ៉ូសមុទ្រ នាំ​ឱ្យ​មនុស្ស​ម្នា​កោតស្ញប់ស្ញែង ចាត់ទុកជាទីសក្ការៈ និង​ស្គាល់​ច្បាស់​ថាជា “​ប្រាសាទ​ព្រះ​វិហារ” ដ៏ពិសិដ្ឋរបស់ខ្មែរ​គ្រប់​ជំនាន់។ ប្រាសាទព្រះវិហារ ត្រូវបានកសាងដោយ ព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទសូរ្យវរ្ម័នទី២ នៅសតវត្សរ៍ទី១១ ដល់ ១២។ ប្រាសាទនេះ ស្ថិតនៅក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅលើខ្នងភ្នំដងរែក មានចម្ងាយ ៤០៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២  គឺជា​ខួប៦០ ឆ្នាំ  នៃ​ថ្ងៃ​ដែល​តុលាការអន្តរជាតិ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ បានសម្រេច​ប្រគល់​ប្រាសាទព្រះវិហារ​ឲ្យ​មក​ប្រទេស​កម្ពុជា​គ្រប់គ្រង​វិញ ក្រោយពី​បារាំង​ប្រគល់​ឲ្យ​ថៃ​កាន់កាប់​។ ប្រាសាទ ព្រះវិហារ​បាន​ស្ថិតនៅក្នុង​ការគ្រប់គ្រង​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​វិញ ដោយសារ​ព្រះរាជ​សកម្មភាព​ទាមទារ​យក​ប្រាសាទព្រះវិហារ​ពី​ថៃ​មកវិញ​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ។

យោងតាមឯកសារបញ្ជាក់ថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៦ កម្ពុជា បានបញ្ជូនឯកសារសម្រេចទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក យូណេស្កូ នៅទីក្រុងប៉ារីស។ នៅថ្ងៃទី២៣ ដល់២៩ ខែតុលា ឆ្នាំ២០០៦ ក្រុមបេសកកម្មបច្ចេកទេសរបស់តំណាងក្រុមប្រឹក្សាអន្តរជាតិវាយតម្លៃប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) បានមកធ្វើទស្សនកិច្ចសិក្សា និងវាយតម្លៃនៅប្រាសាទព្រះវិហារ។

2022-07-07 10.15.15

បន្ទាប់មក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០០៧ ក្រុមប្រឹក្សាអន្តរជាតិស្ដីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) បានអនុម័តសំណើចុះបញ្ជីប្រាសាទព្រះវិហារ។ នៅថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៧ សម័យប្រជុំលើកទី៣១ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងក្រៃឆឺច ប្រទេសណូវែលហ្សឺឡង់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានពិនិត្យសំណុំឯកសារទាំងអស់ពាក់ព័ន្ធនឹងសំណើនេះ។ គ្រានោះគណៈកម្មាធិការបានទទួលស្គាល់ថា ប្រាសាទព្រះវិហារមានសារសំខាន់ជាអន្តរជាតិ ហើយយល់ព្រមជាគោលការណ៍ចំពោះការប្រកាសដែលត្រូវតែដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ទីបំផុតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេប៊ិច ប្រទេសកាណាដា នាសម័យប្រជុំ លលើកទី៣២។ កាល​សម័យ​អង្គរ ប្រាសាទព្រះវិហារ គឺ​មាន​ឈ្មោះដើម​ថា ស្រីសិខារិស្វារៈ មាន​ន័យ​ថា ម្ចាស់នៃ​កំពូល​ភ្នំ ក៏​ជា​ឈ្មោះនៃលិង្គថ្ម​ព្រះឥសូរ​ ដែល​ស្តេចជំនាន់មុន​យក​ទៅ​តម្កល់​លើ​ភ្នំ​នេះ។

តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន ប្រាសាទព្រះវិហារ ចាប់ផ្តើមកសាង​ឡើងក្នុងរជ្ជកាល ព្រះបាទសូរ្យវរ័្មនទី១ នៃគ្រិស្ករាជ ឆ្នាំ ៨៨៩ ធ្វើឡើងអំពីថ្មភក់ នៅលើទីតាំងខ្ពស់មួយនៃជួរភ្នំដងរែក ដែល​កាល​នោះ​គឺ​ស្ថិត​នៅ​ចំកណ្តាល​នៃ​អតីត​ទឹក​ដីមហានគរខ្មែរ ប៉ុន្តែ​បច្ចុប្បន្នគឺស្ថិត​ក្នុង​ទឹក​ដី​ខេត្តព្រះវិហារ ជាប់​ខេត្ត​ស៊ីសាកេត ​ប្រទេសថៃ។

តំបន់ប្រាសាទព្រះវិហារ គឺជាតំបន់ប្រវត្តិសាស្ត្រ សាងសង់ក្នុងអំឡុងចុងសតវត្សទី ៩ បញ្ចប់ទៅ​នៅ​ដើម​សតវត្សរ៍​ទី ១២ ក្រោម​រជ្ជកាល​ ព្រះ​បាទសូរ្យវរ្ម័នទី២ នៃ​សម័យ​មហានគរ ដើម្បីឧទ្ទិសដល់ព្រះឥសូរ ដែលជាព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនា។ តាមរយៈសិលាចារិក មានឆ្លាក់ចារនៅលើប្រាសាទបាពួន ​”សិលាចារិក K-៥៨៣” បានចារថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្ទ្រាយុទ្ធ ជាក្សត្រដែលខ្លាំងពូកែអាចច្បាំង​យកជ័យជំនះលើស្តេចចាមបាននោះ ទ្រង់ជាក្សត្រដែល​បាន​​យកលិង្គថ្មធម្មជាតិមួយឈ្មោះ ស្រីសិខាវិស្វរៈ មកតាំង និងមកប្រតិស្ឋ នៅប្រាសាទ​ព្រះវិហារ។

2022-07-07 10.15.18

បើតាមអត្ថបទសិលាចារឹក នៅប្រាសាទព្រះវិហារ លេខ K-៣៨១ ចារជាភាសាខ្មែរបុរាណ និងភាសាសំស្រ្កឹត ប្រវត្តិ​ប្រាសាទ​ដ៏​ពិសិដ្ឋរបស់ខ្មែរ​មួយ​នេះ គឺ​មាន​ទំនាក់​ទំនង​ជាមួយ​ ព្រាហ្មណ៍ម្នាក់ឈ្មោះថា តៈបៈស្វិន្រ្ទបណ្ឌិត។ ព្រាហ្មណ៍តៈបៈស្វិន្រ្ទៈបណ្ឌិត មានអាស្រមមួយនៅនឹងដែនដី នៃទីតាំងប្រាសាទ​ព្រះវិហារ។ នៅអំឡុងឆ្នាំ ១០២៤ នៃគ.ស ព្រាហ្មណ៍នោះ បានទទួលអង្រឹងស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើនពី ព្រះបាទសូរ្យវរ័្មនទី១​ ដែល​ជាការ​ដឹង​គុណពី​ព្រះអង្គ ចំពោះព្រាហ្មណ៍តៈបៈស្វិន្រ្ទៈបណ្ឌិត ក្នុងការថែរក្សាលិង្គព្រះអាទិទេព។

នៅលើសិលាចារឹក មានបញ្ជាក់ទៀតថា ព្រះបាទសូរ្យវរ័្មនទី១ ជាក្សត្រ មានជំនឿខ្លាំង​ណាស់​​លើ​​លិង្គអាទិទេពមួយនេះ ហើយកំណត់ត្រាសិលាចារិកបញ្ជាក់ច្បាស់ៗថា សិវលិង្គនេះ តែងតែសម្តែងមហិទ្ធិឫទ្ធិ បដិហារ ឱ្យព្រះអង្គបានទត។ ក្នុងបរិវេណប្រាសាទ មានស្រះទឹកបុរាណមួយ មានទីតាំងស្ថិតនៅខាងឆ្វេងនៃព្រះថ្នល់ ចន្លោះគោបុរៈទី៤ និងគោបុរៈទី៥ ទទឹងប្រវែង ១៦,៨០ ម៉ែត្រ និងបណ្តោយ ៣៧,៨០ ម៉ែត្រ។

បើតាមដំណាលតគ្នាមកល្បីថានេះ ជាស្រះទឹកមន្តស័ក្តិសិទ្ធិអស្ចារ្យសម្រាប់យកទៅ​ប្រើប្រាស់​ពិធី​សក្ការៈផ្សេងៗ ហើយសូម្បីតែអតីតព្រះមហាក្សត្រថៃ ព្រះបាទភូមិបុល អាឌុលយ៉ាដេត ក៏ធ្លាប់បានប្រើទឹកពីស្រះនេះដើម្បីបំពេញពិធីអភិសេកឡើងគ្រងរាជ្យ​សម្បត្តិ កាល​ថ្ងៃទី៩ ខែមិថុនា ក្នុងឆ្នាំ ១៩៤៦ ផងដែរ។

ប្រាសាទព្រះវិហារ រងការឈ្លានពានដណ្តើមចង់បានជាច្រើនលើកច្រើនសារ ពីសំណាក់​ប្រទេស​ថៃ ហើយជម្លោះរវាងថៃ និងកម្ពុជា ចាប់ផ្តើមផ្ទុះឡើងខ្លាំងក្នុងឆ្នាំ ១៩៥៤ បន្ទាប់​ពីកម្ពុជាទទួលបាន​ឯករាជ្យ​ពីបារាំង ដោយថៃក៏បានបញ្ជូនកងកម្លាំងប្រដាប់អាវុធ​ចូលមកកាន់កាប់ប្រាសាទ​ព្រះវិហារទាំង​គគ្លើន។

2022-07-07 10.15.27

រដ្ឋាភិបាល​កម្ពុជា​ពេល​នោះ ដែល​មាន​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​ នរោត្តម សីហនុ ព្រះ​បរមរតនកោដ្ឋ ជា​ប្រមុខរដ្ឋ បាន​ដឹកនាំ​កម្ពុជា បើកដំណើរការទាមទារកម្មសិទ្ធតាម​រយៈការទូតជាមួយ​ថៃ ប៉ុន្តែត្រូវបរាជ័យ នាំឱ្យកម្ពុជា ងាក​ទៅរកយន្តការតុលាការវិញម្តង ដោយបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌​អន្តរជាតិក្រុងឡាអេ នៅថ្ងៃទី ៦ តុលា ឆ្នាំ ១៩៥៩ ដើម្បីស្នើសុំឱ្យតុលាការ ប្រគល់អធិបតេយ្យដែនដី ប្រាសាទព្រះវិហារ មកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធពីតំបន់​ប្រាសាទ។

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ១៩៥៩ សារណារបស់កម្ពុជា ត្រូវបានបញ្ជូនទៅដល់ដៃតុលាការ តាមពេលកំណត់ តែភាគីថៃវិញបែរជាបញ្ជូនពាក្យបណ្តឹងមួយបដិសេធមិនទទួលស្គាល់​សមត្ថកិច្ចរបស់តុលាការអន្តរជាតិ ក្នុងការជំនុំជម្រះបណ្តឹងរបស់កម្ពុជាទៅវិញ។ សវនាការសាធារណៈដើម្បីជុំនំជម្រះលើបណ្តឹងជំទាស់របស់ភាគីថៃ ត្រូវបានបើកធ្វើ ចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០ ហើយថ្ងៃទី២៦ ឧសភាព ឆ្នាំ ១៩៦១ តុលាការក្រុងអន្តរជាតិ បានច្រានចោលបណ្តឹងជំទាស់របស់ភាគីថៃ ដោយប្រកាសជាផ្លូវ​ការ  តុលាការមានសមត្ថកិច្ចពេញលេញក្នុងការដំណើរការអង្គជំនុំជម្រះលើបណ្តឹងរបស់​កម្ពុជា។

តាមរយៈបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី១ ដែលជាផែនទីធ្វើឡើងរវាងបារាំង-សៀម ក្នុងសន្ធិសញ្ញាឆ្នាំ ១​៩០៤ បង្ហាញថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីកម្ពុជា យ៉ាងពិត​ប្រាកដ ដោយ​ថៃ្ង ១៥ មិថុនា ឆ្នាំ ១៩៦២ ប្រាសាទ ព្រះវិហារ ត្រូវតុលាការ​អន្តរជាតិក្រុងទ្បាអេ សម្រេចសាលក្រមប្រគល់​ឱ្យភាគីកម្ពុជា ជាអ្នកឈ្នះក្ដីរវាងវិវាទ​កម្ពុជា-ថៃ លើប្រាសាទ​ព្រះវិហារ។

2022-07-07 10.15.31

ប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមួយនេះ ត្រូវចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាថ្ងៃ៧ ខែកក្កដា ឆ្នាំ២០០៨ ធ្វើឡើងនៅទីក្រុងកេបិច ប្រទេសកាណាដា។ វិវាទព្រំដែនកម្ពុជា-ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ចាប់ផ្តើមផ្ទុះជាថ្មី អំឡុងខែមិថុនា ឆ្នាំ២០០៨ ជាពេលប្រាសាទព្រះវិហារស្ថិតក្នុងការពិចារណាដាក់បញ្ចូលជាសម្បត្តិ​បេតិកភណ្ឌពិភពលោក ដោយ​នៅ​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨ ថៃ បាន​បញ្ជូនទាហាន​របស់​ខ្លួនមកឈរជើងក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈ ក្បែរតំបន់ប្រាសាទព្រះហារ ចំងាយប្រមាណ ៣០០ ម៉ែត្រ​ពីទឹកដីកម្ពុជា។

វិវាទនេះ បានបង្កឱ្យមានការ​ប៉ះទង្គិច​ផ្នែក​យោធា​រវាង​ប្រទេស​ទាំង​ពីរ និង​បង្ក​ជាក្តីក្តាំ​ជាថ្មី​នៅ​លើ​តុលាការ​អន្តរជាតិ ICJ រហូតដល់ខែធ្នូ ឆ្នាំ ២០១១ កិច្ចព្រមព្រៀងមួយត្រូវបាន​ធ្វើឡើងដើម្បីដកកងទ័ពចេញពីតំបន់ជម្លោះ។

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការ ICJ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆន្ទ សាលក្រមឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិ បានប្រគល់ប្រាសាទព្រះវិហារទាំងអស់​ឱ្យកម្ពុជា ហើយភាគីថៃ​មានកាតព្វកិច្ច ត្រូវតែដកទ័ព ប៉ូលីស ឬឆ្មាំថៃ ដែលឈរជើង​ ក្នុងតំបន់ប្រាសាទ​ព្រះ​វិហារ​ទាំង​អស់​ដោយ​គ្មាន​លក្ខខណ្ឌ៕ 

2022-07-07 10.15.35

2022-07-07 10.15.39

2022-07-07 10.15.43


 


ថ្ងៃព្រហស្បតិ៍, 07 ខែកក្កដា 2022 10:26  មានជ័យ