ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រើប្រាស់អគ្គិសនីសន្សំសំចៃ ខណៈដែលអគ្គិសនីកម្ពុជា បានប្រឹងប្រែងទប់ទល់នឹងការខាតបង់ប្រាក់ដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈ។
មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ កីឡាអាស៊ានប៉ារ៉ាហ្គេម នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា អគ្គិសនីកម្ពុជា បានខាតប្រាក់ជាង ១០០លានដុល្លារ ដោយសារការឡើងថ្លៃប្រេងឥន្ធនៈ ដែលកើតចេញពីសង្រ្គមរវាង រុស្ស៊ី និងអ៊ុយក្រែន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងដែរថា បើគ្មានការទប់ទល់របស់រដ្ឋទេនោះតម្លៃអគ្គិសនី នឹងមានតម្លៃគុណនឹង២។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាទទួលបានអំណោយពីទេវតា គឺធ្លាក់ភ្លៀងបំពេញអាងស្តុកទឹកវារីអគ្គិសនី ដែលអាចទាញយកថាមពលពីកម្លាំងទឹក បង្កើតអគ្គិសនីបំពេញតម្រូវកង្វះខាត នៃការប្រើប្រាស់អគ្គិសនីបាន៕