ភ្នំពេញ៖ ជនសង្ស័យដែលបាញ់បុរសម្នាក់ស្លាប់នៅក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅតា បណ្ដោយផ្លូវលេខ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងទឹកដីខេត្តកណ្តាល។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យត្រូវបាននាំខ្លួនយកទៅសួរនាំ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា កាលពីរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅក្នុងផ្ទះវីឡាលេខ៣៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣២២ ក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី១ បណ្តាលឱ្យបុរសឈ្មោះ គង់ សុត អាយុ ៤៣ឆ្នាំ ជាអ្នកបើករថយន្តឲ្យម្ចាស់ផ្ទះស្លាប់ភ្លាមៗនៅនឹងកន្លែង។
សេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ និងបុរសដែលបាត់បង់ជីវិត ជាអ្នកធ្វើជាមួយគ្នា ដែលជាអង្គរក្សរបស់ម្ចាស់ផ្ទះកើតហេតុ ប៉ុន្តែគេពុំទាន់ដឹងពីមូលហេតុនោះឡើយ ដោយនៅថ្ងៃកើតហេតុ បុរសរងគ្រោះអង្គុយនៅតូបយាមជាប់ទ្វារផ្ទះ ខណៈនោះស្រាប់ខ្មាន់កាំភ្លើងជិះម៉ូតូ ១គ្រឿង ម៉ាក PCX ចូលមកបាញ់ប្រហារដោយអាវុធខ្លីអស់ជាច្រើនគ្រាប់ បន្ទាប់មកក៏គេចខ្លួនចេញពីកន្លែងកើតហេតុ៕