Europe, BBC-
ប៉ូលីសអេស៉្បាញបានចាប់ដ្រូននៅក្រោមទឹកចំនួន៣គ្រឿង ដែលគេស្ថាបនាវា ដើម្បីរត់ពន្ធគ្រឿងញៀនកាត់តាមសមុទ្ទមកពីប្រទេស Morocco ។ ដ្រូននៅក្រោមទឹកដែលគ្មានមនុស្សបើក ដែលមានសមត្ថភាពនឹងផ្ទុកនូវសារធាតុគ្រឿងញៀនលើសពី ២០០គ.ក. ត្រូវបានគេចាប់បាន បន្ទាប់ពីមានការស៊ើបអង្កេតអស់រយៈពេល១៤ខែ មនុស្ស៨នាក់ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុង Cadiz, Malaga និង Barcelona ។ ប៉ូលីសនិយាយថា វាមានន័យថា គេបានបំបែកសំបុក ជនអ្នកលេងដែលគេសង្ស័យ ដែលបានស្ថាបនានូវយានជំនិះ និងបានផ្គត់ផ្គង់នូវសារធាតុគ្រឿងញៀនពាសពេញអឺរ៉ុបទៅឲ្យគ្នាទៅវិញទៅមក។
ប៉ូលីសអេស៉្បាញនិយាយថា នេះគឺជាលើកទី១ ដែលពួកគេបានរកឃើញនូវយានជំនិះនៅក្រោមទឹក ដែលមានសមត្ថភាពប្រតិបត្តិការណ៍ ដោយមិនចាំបាច់ប្រើមនុស្ស។ "ឧបករណ៍ទាំងនេះអាចអនុញ្ញាតឲ្យអ្នករត់ពន្ធគ្រឿងញៀន ដឹកនាំជាតិ Narcotics ដ៏មានចំនួនច្រើនពីចម្ងាយឆ្លងកាត់ច្រក Gilbrata " ប៉ូលីសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ ច្រក Gilbrata គឺជាច្រកសមុទ្ទមួយដ៏ចង្អៀតដែលបែងចែករវាង Morocco និង Spain ។ នាវាមុជទឹកមួយបានកសាងរួចជាស្រេច និង២គ្រឿងទៀតកំពុងតែស្ថាបនា។ គេជឿជាក់ថា នាវាមុជទឹក២គ្រឿងទៀត ដែលកំពុងតែស្ថាបនាគឺក្នុងគោលបំណងនឹងដឹកជញ្ជូនទៅកាន់ក្រុមអ្នកលេងបារាំង ដើម្បីរត់ពន្ធសារធាតុ Cocaine ។
មន្ត្រីក៏បានចាប់បានផងដែរ នូវថ្នាំស្រវឹងម៉្យាងចំនួន១៤គ.ក. កញ្ឆា៨គ.ក. និងសាច់ប្រាក់សុទ្ធចំនួន ១៥៧,៣០០ អឺរ៉ូ ព្រមទាំងដ្រូនហោះលើអាកាសចំនួន ៦ គ្រឿង។ បំពាក់ទៅដោយប្រព័ន្ធ GPS យានជំនិះនោះអាចមានសក្តានុពលប្រតិបត្តិការណ៍ ដោយអ្នករត់ពន្ធគ្រឿងញៀនពីទីកន្លែងណាមួយក្នុងពិភពលោកដោយប្រើឧបករណ៍អាំងទែរណែតយ៉ាងសាមញ្ញដូចជា I-pad ។ ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួន មាន២នាក់គឺជាឪពុកនិងកូនប្រុស ដែលមានម្នាក់ប៉ូលីសបាននិយាយថា មានលក្ខណៈសម្បត្តិជាអ្នកបើកបរឧទ្ធម្ភាគចក្រ ដែលមានចំណេះដឹងខាងបច្ចេកទេសដែលគេត្រូវការ ក្នុងការស្ថាបនាយានដ៏ឆ្នើមនេះ។
មន្ត្រីបានបញ្ជាក់ថា ក្រុមអ្នកលេងមានឯកទេសក្នុងការស្ថាបនានូវយានជំនិះយ៉ាងធំជាបន្តបន្ទាប់នៅលើ ដី ទឹក និងអាកាស ដែលមានគោលបំណងជាពិសេសក្នុងការដឹកជញ្ជូនគ្រឿងញៀន និងបានចោទប្រកាន់ពួកគេថា បានផ្គត់ផ្គង់នូវឧបករណ៍ទាំងនោះទៅឲ្យអង្គការឧក្រឹដ្ឋកម្មនៅក្នុងប្រទេសដាណឺម៉ាក អុីតាលី បារាំងនិងអេស៉្បាញ។ បើយោលទៅតាម ទីភ្នាក់ងារសារព័ត៌មាន EFE អ្នកស៊ើបអង្កេតបានរកឃើញយានជំនិះចំនួន១៣ប្រភេទខុសគ្នាៗ រួមបញ្ចូលទាំង នាវាសណ្តោង ដែលមានបាត២ជាន់ ដែលមានសមត្ថភាពផ្ទុកនូវគ្រឿងញៀនលើសពី៨០០គ.ក.។ នេះមិនមែនជាលើកទី១ទេ ដែលអាជ្ញាធរដែលជាអ្នកស៊ើបអង្កេតបានរកឃើញនូវយានជំនិះក្រោមទឹក ដែលមានរចនាបទសំរាប់ដឹកគ្រឿងញៀន៕