ភ្នំពេញ៖ មជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរៀបចំអនុវត្តផែនការរបស់ខ្លួន ដើម្បីបោសសម្អាតមីន នៅតំបន់ប៉ោយចារ ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ តាមបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ បានថ្លែងក្នុងពិធីមួយនាថ្ងៃទី៤ ខែកក្កដា ថា យុទ្ធនាការបោសសំអាតមីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នឹងបោសសម្អាត ឲ្យអស់ក្នុងរយៈពេលមួយខែ ( ត្រឹមខែកក្កដា ) បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បទបញ្ជាត្រូវប្រែក្លាយទីតាំងភូមិសាស្ត្រនេះជាតំបន់គ្មានគ្រាប់មីននៅត្រឹមចុងឆ្នាំនេះ។
តាមរបាយការណ៍ពីលោក សោម វីរៈ ប្រធានកងឯកភាពកំចាត់មីនទី១ បន្ទាយមានជ័យ បានបានឱ្យដឹងថា ការបោសសម្អាតមីនរយៈពេល ៦ខែឆ្នាំ ២០២២ គិតចាប់ ពីខែ មករា ដល់ខែមិថុនា បានបោសសម្អាតមីន ស្មើនឹង៥៩ចម្ការមីន នៅខេត្តបន្ទាយមានជ័យ លើផ្ទៃដី ៥១៣ហិចតា។ ដោយឡែកចំពោះមុខលើការងារបោសសម្អាតមីន តាមអនុសាសន៍សម្តេចនៅឃុំប៉ោយចារ មានចម្ការមីន៨ ស្មើជាង ២៥ហិកតា ហើយនឹងប្រើប្រាស់កម្លាំងចែកជាពីរក្រុម។
គួរបញ្ជាក់ដែរថា នៅក្នុងប្រតិបត្តិការនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្កើតចលនាកៀគរ សប្បុរសជន ឲ្យជួយគាំទ្រ ដល់ការដោះមីន និងទទួលបានថវិកាជាង ១១លានដុល្លារ។
សូមបញ្ជាក់ដែរថា ថ្លែងនៅក្នុងទិវាមច្ឆជាតិ ១ ខែកក្កដា ឆ្នាំ ២០២២ នាខេត្តបន្ទាយមានជ័យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យដោះមីនលើផ្ទៃដីប្រមាណ២ភាគរយ ដែលសេសសល់ក្នុងតំបន់ ប៉ោយចារ ឱ្យអស់ ហើយប្រកាសដាក់ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាកន្លែងគ្មានមីន។
របាយការណ៍របស់អាជ្ញាធរមីន ធ្លាប់បានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២២ ខេត្តបន្ទាយមានជ័យ បានដោះសម្អាតមីន លើផ្ទៃដី ចំនួន២៦៩គីឡូម៉ែត្រក្រឡា និងកម្ទេចមីនប្រឆាំងមនុស្ស ចំនួន ៣៨.៥៧៨គ្រាប់ មីនតោន ចំនួន ៤.៣៧៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួន ២៥៥.៥០៣គ្រាប់ និងមានផ្ទៃដីសេសសល់គ្រាប់មីន ចំនួន ១១៤គីឡូម៉ែត្រក្រឡា ស្មើនឹងចម្ការមីន ចំនួន ១.៨៤៩ចម្ការ៕
អត្ថបទ៖លាង ឡា