ខេត្តពោធិ៍សាត់ ៖ បុរសចំនួនពីរនាក់ ត្រូវបានសត្វខ្លាឃ្មុំមួយក្បាល វាយប្រហារបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ នៅចំណុចឆាយបីជាន់ ឧបសម្ព័ន្ធស្ទឹងតាចាន់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានថ្លែងថា ជនរងគ្រោះទី១មានឈ្មោះ ងុយ ងឿន ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជាប្រជាការពារភូមិ រងរបួសធ្ងន់ និងទី២មានឈ្មោះ ភី ភក្តី ភេទប្រុស អាយុ ២៩ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងពីររស់នៅចំណុច ឧបសម្ព័ន្ធស្ទឹងតា ចាន់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោកបានស្រង់សម្ដីរៀបរាប់របស់ជនរងគ្រោះទាំងពីរនាក់ថា មុនពេលកើតហេតុ ពួកគាត់បានដើរទៅដួសត្រី ដើម្បីយកមកចិញ្ចឹមជីវិត តែទើបដើរបានពាក់កណ្តាលផ្លូវ ស្រាប់តែជួបជាមួយសត្វខ្លាឃ្មុំមួយក្បាល ហើយក៏ត្រូវសត្វខ្លាឃ្មុំនោះ ដេញទះ និងចាប់ហែកសាច់ បណ្តាលរងរបួស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ និងព្យាបាល នៅមន្ទីរពេទ្យឯកជន ស្ថិតក្នុងឃុំអូរសោម ។
លោកអធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅ ឬនេសាទ និងលេងកម្សាន្ត នៅតំបន់ខាងលើ ក៏ដូចជាតំបន់ផ្សេងៗទៀត ដែលឧស្សាហ៍មានសត្វព្រៃកាចសាហាវឆ្លងកាត់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងសត្វព្រៃវាយប្រហារ៕