ភ្នំពេញ៖ តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នឹងបន្តមានធ្លាក់ភ្លៀង ខ្យល់កន្រ្តាក់ និងផ្គរ រន្ទះ ដោយសារការរងនូវឥទ្ឋិពលជ្រលង នៃប្រព័ន្ឋសម្ពាធទាប ដែលអូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និងប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបកពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២នេះថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ទន្ទឹមនោះក៏អាចមានកន្លែងខ្លះភ្លៀងធ្លាក់ច្រើនដោយអន្លើ។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នឹងអាចមានកន្លែងខ្លះភ្លៀងធ្លាក់ច្រើនដោយអន្លើ។
ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងមានរលកសមុទ្រកម្ពស់ខ្ពស់ផងដែរ៕