ភ្នំពេញ៖ ផ្ទះចំនួន៣ខ្នង ស្ថិតនៅផ្លូវ៣៦៩ ផ្ទះលេខ ៤៩៥ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានអគ្គីភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧នាទីព្រឹក ថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២២។ ភ្លាមៗក្រោយមានហេតុការណ៍កើតឡើង សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចុះអន្តរាគមន៍ និងជួយសង្រ្គោះ។
របាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីអគ្គីភ័យនេះ ពីផ្ទះរបស់ឈ្មោះ ថោង សុផល ភេទប្រុស អាយុ ៤៩ ឆ្នាំ មុខរបរ ជាងភ្លើង ។
របាយការណ៍ដដែលបានឱ្យថា ផ្ទះដែលបានឆាបឆេះទាំង៣ខ្នង ជាប្រភេទ ឈើប្រក់ស័ង្កសី ទំហំ ( ៤ម៉ែត្រ x ៦ម៉ែត្រ) និងបានខូចខាតសម្ភារក្នុងផ្ទះអស់ទាំងស្រុងចំនួន២ខ្នងផ្ទះ និងមួយខ្នងទៀត ត្រូវបានយកសម្ភារចេញទាន់ ហើយមិនមានមនុស្សរងរបួស ឬស្លាប់ក្នុងហេតុការណ៍នេះទេ។ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ដែរថា ករណីនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
សូមបញ្ជាក់ថា ក្នុងកិច្ចអន្តរាគមន៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តអគ្គិភ័យ ចំនួន១៤គ្រឿង និងប្រើប្រាស់ទឹកអស់១៣ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ៨ និង១០ នាទីព្រឹក ៕