បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យដោះមីន ដែលនៅសេសសល់ឱ្យអស់ចេញពីតំបន់ប៉ោយចារ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់គ្មានមីន។
នៅក្នុងទិវាមច្ឆជាតិ ១ ខែកក្កដា ឆ្នាំ ២០២២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចការផ្ទៃក្នុងកម្ពុជា ប្រមាណ១០ភាគរយ ( បញ្ហាមីន ) នៅពុំទាន់បានដោះស្រាយចប់នៅឡើយទេ។
សម្តេចតេជោ បានបញ្ជាឱ្យដោះមីនលើផ្ទៃដីប្រមាណ២ភាគរយ ដែលសេសសល់ក្នុងតំបន់ ប៉ោយចារ ឱ្យអស់ ហើយប្រកាសដាក់ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាកន្លែងគ្មានមីន។
របាយការណ៍របស់អាជ្ញាធរមីន ធ្លាប់បានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២២ ខេត្តបន្ទាយមានជ័យ បានដោះសម្អាតមីន លើផ្ទៃដី ចំនួន២៦៩គីឡូម៉ែត្រក្រឡា និងកម្ទេចមីនប្រឆាំងមនុស្ស ចំនួន ៣៨.៥៧៨គ្រាប់ មីនតោន ចំនួន ៤.៣៧៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានចំនួន ២៥៥.៥០៣គ្រាប់ និងមានផ្ទៃដីសេសសល់គ្រាប់មីន ចំនួន ១១៤គីឡូម៉ែត្រក្រឡា ស្មើនឹងចម្ការមីន ចំនួន ១.៨៤៩ចម្ការ ។
សូមបញ្ជាក់ដែរថា នាពេលថ្មីៗនេះ កម្ពុជា បានប្រកាសខេត្តកែប ជាខេត្តទី១ ដែលអស់គ្រាប់មីន ខណៈបណ្តារាជធានី-ខេត្ត ចំនួន៧ រួមមាន៖ ភ្នំពេញ ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តរតនគិរី និងខេត្តតាកែវ ក៏ត្រៀមប្រកាសជាទីតាំងដែលអស់គ្រាប់មីន ផងដែរ៕