ក្រោមកិច្ចសហការ ក្នុងការជំរុញការដាក់បញ្ចូលកម្មវិធីសិក្សាទេសចរណ៍ ទៅក្នុងកម្មវិធីសិក្សាអប់រំវិជ្ជាជីវៈជម្រើសក្នុងសាលាចំណេះទូទៅ ដើម្បីជាការតម្រង់ទិស និងការទាក់ទាញដល់យុវជន ក៏ដូចជាសិស្សានុសិស្ស ឱ្យឃើញពីសារៈសំខាន់នៃវិស័យទេសចរណ៍ ក្រសួងអប់រំ និងក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានសហការគ្នាផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅទេសចរណ៍ ដែលជាមុខវិជ្ជាមួយរៀននៅថ្នាក់ទី១១ សម្រាប់សាលាចំណេះដឹងទូទៅ។
ថ្លែងក្នុងឱកាសនោះ លោក ថោង ខុន លើកឡើងថា ការដាក់បញ្ចូលកម្មវិធីសិក្សាទេសចរណ៍ទៅក្នុងកម្រិតសិក្សាចំណេះដឹងទូទៅនេះ គឺជាទិសដៅយុទ្ធសាស្រ្ត នៃផែនការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមជំរុញការបណ្តុះបណ្តាល និងលើកកម្ពស់ធនធានអ្នកជំនាញទេសចរណ៍ ឱ្យឆ្លើយតបទាំងបរិមាណ និងគុណភាពស្របតាមតម្រូវការអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍ ដែលវិស័យនេះត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដើរតួជា “មាសបៃតង” ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការការពារបរិស្ថាន ចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែកគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ (UN)។
ជាមួយគ្នានោះ ដើម្បីចូលរួមជំរុញការប្រើប្រាស់សៀវភៅទេសចរណ៍ នៅក្នុងកម្រិតសិក្សាចំណេះដឹងទូទៅឱ្យកាន់តែមានប្រសិទ្ធភាព លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើ៣ចំណុចរួមមាន៖
ទី១, ស្នើក្រសួងអប់រំបន្តជំរុញការផ្សព្វផ្សាយ និងណែនាំពីការប្រើប្រាស់សៀវភៅថ្នាក់ទី១១នេះ ដល់សាលាចំណេះដឹងទូទៅ នៅក្រោមឱវាទទាំងអស់ ព្រមទាំងបន្តផ្តល់ការគាំទ្រ និងសហការលើការចងក្រង និងរៀបចំសៀវភៅទេសចរណ៍ថ្នាក់ទី១២ និងការរៀបចំ កម្មវិធីសិក្សាជំនាញទេសចរណ៍ សម្រាប់ដល់បញ្ចូលក្នុងកម្រិតសិក្សាចំណេះដឹងទូទៅផ្សេងៗទៀតផងដែរ។
ទី២, ស្នើគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលក្រោមឱវាទក្រសួងអប់រំទាំងអស់ ជួយបន្តជំរុញបណ្តុះបណ្តាលលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចឱ្យបានច្រើន ទាំងកម្រិតជំនាញ និងគ្រប់គ្រងផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច ជាពិសេសសម្រាប់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល ដែលមិនទាន់មានការបណ្តុះបណ្តាលជំនាញទេសចរណ៍ ដោយរៀបចំឱ្យមានថ្នាក់សិក្សាលើជំនាញទេសចរណ៍។
ទី៣, ស្នើមន្ទីរទេសចរណ៍ និងមន្ទីរអប់រំ រាជធានី ខេត្តទាំងអស់ សហការជាមួយគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលនៅក្នុងគោលដៅរាជធានី ខេត្តរបស់ខ្លួន ជំរុញរៀបចំការបណ្តុះបណ្តាលជំនាញទេសចរណ៍ឱ្យបានកាន់តែច្រើនផងដែរ។
ចំណែកលោកបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្សលើវិស័យទេសចរណ៍ ចំពោះសិស្សដែលបានរៀនចប់ត្រឹមថ្នាក់ទី៩ នឹងបន្តចូលរៀននៅតាមសាលាអប់រំបច្ចេកទេស រាប់ទាំងជំនាញទេសចរណ៍ រយៈពេល៣ឆ្នាំ ក្រោយពេលប្រឡងបានជោគជ័យ និងទទួលបានសញ្ញាបត្រមួយដែលមានតម្លៃស្មើនឹងសញ្ញាបត្របាក់ឌុបផងដែរ ដែលបេក្ខជនអាចស្នើសុំសញ្ញាបត្រនេះ ដែលមានការបោះត្រា និងចុះហត្ថលេខាដោយក្រសួងអប់រំ យុវជន និងកីឡា ផងដែរ៕